អនុប្រធានរដ្ឋសភាវៀតណាមថា៖ ដំណើរទស្សនកិច្ច ប្រធានរដ្ឋសភាកម្ពុជា នៅវៀតណាម ពេលនេះ បានបង្ហាញពីមនោ សញ្ចេតនាស្និទ្ធស្នាលនិងការជឿជាក់គ្នារវាងកម្ពុជា-វៀតណាម
វៀតណាម៖ លោកអនុប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនកិច្ច សម្តេចប្រធានរដ្ឋសភាកម្ពុជា នៅវៀតណាម ពេលនេះ បាន បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលនិងការជឿជាក់គ្នារវាងកម្ពុជា-វៀតណាម ។
ការលើកឡើងរបស់អនុប្រធានរដ្ឋសភាវៀតណាមនេះបន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា វៀតណាមកម្ពុជា នៅសណ្ឋាគារដែលសម្តេចស្នាក់នៅ នាទីក្រុងហាណូយ។
នៅក្នុងឱកាសនោះ លោក Nguyen Duc Hai បានអបអរសាទរចំពោះការបោះឆ្នោតដោយជោគជ័យរបស់ កម្ពុជាកាលពីខែកក្កដា កន្លងមក ក៏ដូចជាការបង្កើតនូវរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ ប្រជា ពលរដ្ឋ។
លោកអនុប្រធានរដ្ឋសភាបានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជា ប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ។
លោក Nguyen Duc Hai ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី អមដោយសមាជិកសមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអាណត្តិថ្មី មកកាន់ប្រទេសវៀតណាមនាពេលនេះ បានបង្ហាញពីមនោ
សញ្ចេតនា ស្និទ្ធស្នាល ដ៏ជ្រាលជ្រៅនិងការជឿជាក់គ្នារវាងប្រទេសទំាងពីរ។ ឯកឧត្តម ចាត់ទុកថាដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកដល់ការ ពង្រឹងពង្រីក ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
លោកបានស្នើសម្តេចប្រធានរដ្ឋសភាបន្តជួយជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសភា វ័យក្មេង និងក្រុមមិត្តភាពសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម។
ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រប្រសាសន៍លើកឡើងរបស់ លោក អនុប្រធានរដ្ឋសភាវៀតណាម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតរបស់មិត្តវៀតណាម ជូនចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់នាឱកាសនេះ។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសវៀតណាមក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម។
សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលបានបង្កើតឡើងដោយព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធានហូជីមិញ ជាទំនាក់ទំនងក្នុងកាលៈទេសៈលំបាកហើយបានប្រកៀក ស្មាគ្នាតស៊ូដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងការទទួលបានឯករាជ្យ។
សម្តេចរដ្ឋភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម មានលក្ខណៈពិសេស ដោយឈរ លើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក មិនត្រឹមតែរក្សាបាននូវមិត្តភាពជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវផលប្រយោជន៍ សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួមចំណែកដល់ការកសាងសុខសន្តិភាព ស្ថិរភាពដល់ ពិភពលោកថែមទៀត ជាពិសេសការជឿទុកគ្នា ការគោរពគ្នា យោគយល់គ្នា និងការគិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក។
សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញ ទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួនបីថ្ងៃ គឺពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់មកនឹង បន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត។
ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពលើកដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី៧ ទៅកាន់ប្រទេសជិតខាងនាពេលនេះ មិនត្រឹមបានពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រ តិបត្តិការ រវាងស្ថាប័នរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួមចំណែកដល់ ការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជំរុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទៀតផង៕ សំរិត