អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ បានពិភាក្សានិងឆ្លងរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖
ទី១៖ របាយការណ៍ ស្តីពី វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។
ទី២៖ របាយការណ៍ ស្តីពី វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤- ២០២៨។
ទី៤៖ បញ្ហាផ្សេងៗ។
សូមអានខ្លឹមសារពិស្តារនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន៤ ដូចខាង ក្រោម៖
១-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា
ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ វិធានការគន្លឹះនោះរួមមាន ទី១-ការពង្រឹងអភិបាល កិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង ទី៤-ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិនិត្យឡើងវិញលើ ស្តង់ដាសាលារៀនដែលដាក់ចេញកន្លងមក ដោយបានបញ្ញាបវិធានការគន្លឹះទាំង ៤ ទៅក្នុង «ស្ដង់ដាសាលារៀនគំរូ ចំនួន៥ សម្រាប់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ការបង្រៀននិងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ដោយមាន នាយករដ្ឋមន្ត្រី ជាប្រធាន អមដោយសមាភាពឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីចំនួន ១៦រូប និងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជាសមាជិកផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត -ស្តង់ដាសាលារៀនគំរូ និងពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី» ព្រមទាំង “យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូ នឹងចាប់ផ្ដើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះ តទៅ។ អ្វីទៅជា សាលារៀនគំរូ សាលារៀនគំរូ គឺសាលារៀនដែលមានដំណើរការពេញលេញ រួមមាន៖ ទី១-សាលារៀន មានគណនេយ្យភាពជាមួយសហគមន៍ និងធ្វើការកែលម្អសាលារៀនស្របតាមស្តង់ដាសាលារៀនគំរូ ដោយមានការចូល រួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមាតាបិតា ឬអាណាព្យាបាល តាមរយៈការបង្កើត និងដំណើរការគណៈកម្មការគ្រប់គ្រង សាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន។ ទី២-សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀន និងថ្នាក់រៀន ព្រមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន។ ទី៣-សាលា រៀនអនុវត្តតេស្តស្តង់ដាជាប្រចាំ និងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដា ដើម្បីធ្វើការកែលម្អការបង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម។ ទី៤-សាលារៀនមានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយផ្ដោតលើកម្មវិធី អភិវឌ្ឍន៍យុវជន កម្មវិធីអប់រំច្បាប់ចរាចរណ៍ ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់រំសីលធម៌។ ទី៥-សាលា រៀនយកចិត្តទុកដាក់លើការអប់រំសុខភាព អនាម័យ បរិស្ថានស្អាត សាលារៀនគ្មានសំរាម និងគិតគូរដល់អាហារូបត្ថម្ភ ដល់សិស្សានុសិស្ស និងទី៦-ការជំរុញការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងការ អភិវឌ្ឍសាលារៀន។ នៅក្នុងអំឡុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែល មានសក្តានុពលចំនួន ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដា សាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំ។ ក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ឱ្យបានជោគជ័យ ប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានយ៉ាងហោចណាស់ចំនួន ៥០០ ទៅ ១០០០ ក្លាយទៅជា សាលារៀនគំរូ ដោយចាប់ផ្ដើមរៀបចំ សាលារៀនគំរូ សម្រាប់ប្រកាសក្នុងសន្និបាតអប់រំដែល គ្រោងប្រារព្ធឡើង នាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ ១០០ សាលា។
ក្នុងដំណើរការពិភាក្សា និងឆ្លងលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ ក្រសួងអប់រំ យុវជន និងកីឡា សម្តេចធិបតី បានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិ ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី គឺដើម្បីប្រមូលផ្តុំកម្លាំងបន្ថែមក្នុងការធ្វើសកម្មភាពឱ្យចំគោលដៅ។ សម្តេចធិបតី បានណែនាំក្រសួង អប់រំ យុវជន និងកីឡា កំណត់អាទិភាព និងសកម្មភាពជាក់ស្តែងឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់លើធនធាន មនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត។
២-បាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគេន្លឹះក្នុងវិស័យសុខាភិបាល ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ ដែល សម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អាទិភាពទី១ គឺ «ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល»។ ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន ៣ ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន រួមមាន៖ ទី១-ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដោយយកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៌ល្អ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងការបំពាក់ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់
បច្ចេកវិទ្យាព័ត៌មាន/សុខាភិបាលនីជីថល។ ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគំរាមកំហែងសុខភាព សាធារណៈ និងគ្រោះអាសន្នសុខភាព និងការផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែមានភាពឆ្លើយតបប្រកបដោយ សមធម៌ និងគណនេយ្យភាពខ្ពស់ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង ទី៣-ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួល បានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាល បានអនុវត្តវិធានការ គន្លឹះទាំង ៣ នេះដោយសម្រេចបានលទ្ធផលការងារយ៉ាងធំធេងគួរឱ្យកត់សម្គាល់។
ឈរលើមូលដ្ឋានខាងលើនេះ ក្រសួងសុខាភិបាល បានដាក់ចេញសកម្មភាពសំខាន់ៗចំនួន ៨ ដើម្បីឱ្យវិធាន ការគន្លឹះទាំង ៣ បន្តសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដែលរួមមាន៖ ទី១-បន្តពង្រឹងយន្តការវាយតម្លៃនិងកែលម្អ គុណភាពសេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣ ដោយប្រើប្រាស់ឧបករណ៍វាយ តម្លៃកម្រិត២។ ទី២-ពង្រីកសេវាជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមនៅមណ្ឌលសុខភាព។ ទី៣-ពង្រឹង កិច្ចដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិនៅក្នុងតំបន់ទទួលខុសត្រូវ របស់មណ្ឌលសុខភាពនីមួយៗ។ ទី៤-ពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់ និងសេវាសល្យសាស្ត្រ (វះកាត់) នៅមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។ ទី៥-ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ទី៦-បង្កើនសមត្ថភាពបច្ចេកទេសគ្លីនិកដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។ ទី៧- អភិវឌ្ឍសមត្ថភាពស្ថាប័ន និងទី៨-បន្តពង្រឹងការគ្រប់គ្រងសេវាសុខាភិបាលទាំងសាធារណៈ និងឯកជន ឱ្យមាន អនុលោមភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងដំណើរការពិភាក្សា និងឆ្លង លើរបាយការណ៍វឌ្ឍនភាព នៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យ សុខាភិបាល សម្តេចធិបតី បានផ្ដល់អនុសាសន៍ឱ្យផ្តោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ ក្នុងនោះធនធានមនុស្សត្រូវពង្រីកបរិមាណនិងពង្រឹងគុណភាព ព្រមទាំងគិតគូរពីកម្រិតជំនាញ និងវិធី សាស្រ្តក្នុងការរក្សាធនធានមនុស្ស ខណៈធនធានឱសថ ត្រូវគិតពីគុណភាព និងប្រើឱ្យចំនឹងជំងឺ។ ក្នុងន័យនេះ សម្តេចធិបតី បានផ្ដល់អនុសាសន៍ឱ្យក្រសួងសុខាភិបាលសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទជំងឺនៅក្នុងភូមិ ឃុំ ដើម្បីបែងចែកថ្នាំឱ្យចំគោលដៅ។
៣- សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨
សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធ កម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០។ សេចក្តីព្រាងគោល នយោបាយនេះត្រូវបានតាក់តែងឡើងដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន ១លើក ដោយមានការចូលរួមពីតំណាងសមាគមសហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និងសាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ។ សេចក្តីព្រាងគោលនយោបាយនេះ មានគោលដៅសំខាន់ ៣ រួមមាន៖
ទី១-រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ។ ទី២-ពង្រឹងនិង លើកកម្ពស់សមត្ថភាពមន្ត្រីនិងអង្គភាពក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញាដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ និងទី៣-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ អំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍសហ គ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គោលនយោបាយនេះ មានគោលបំណងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណីនិងវិញ្ញត្តិវប្បធម៌ និងជំរុញការ ប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និង គំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌។
នៅក្នុងដំណើរការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ សម្តេចធិបតី បានបញ្ជាក់ថា គោលនយោបាយជាតិនេះ ក៏ស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដែរ។ ដូច្នេះ សម្តេចធិបតី បានស្នើទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តល់ការសម្របសម្រួលដើម្បីឱ្យ គោលនយោបាយនេះទទួលបានជោគជ័យ។
៤- បញ្ហាផ្សេងៗ
– សម្តេចធិបតី បានថ្លែងកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឱ្យដំណើរការប្រកបដោយជោគជ័យ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ឆ្លុះ បញ្ចាំងពីតថភាពជាក់ស្តែង នៃសុខសន្តិភាពនៅកម្ពុជា ដែលជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី ក៏បានថ្លែងអបអរសាទរ និងអរគុណដល់កម្លាំងមានសមត្ថកិច្ច ដែលរៀបចំសណ្តាប់ធ្នាប់ បានល្អ និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយក្តីរីករាយ។ សម្តេចធិបតី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំង ប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹម គ្នានេះដែរ ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោបាយអាទិភាព ទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ៕
