ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិនរៀបចំពិព័រណ៍អប់រំអាស៊ាន-ចិនរយៈពេល២ថ្ងៃ ដើម្បីផ្សព្វផ្សាយ ពីឱកាសបន្តការសិក្សានៅប្រទេសចិន

75

ភ្នំពេញ៖ ប្រទេសចិន បានសហការជាមួយភាគីកម្ពុជា រៀបចំពិព័រណ៍អប់រំ អាស៊ាន-ចិន ASEAN-CHINA Education Expo ជាលើកដំបូងនៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីឱកាសបន្តការសិក្សានៅសាធារណរដ្ឋប្រជា មានិតចិន មានជាង៤០សាលានៅកម្ពុជា ព្រម ទាំងផ្ដល់ព័ត៌មានជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យអប់រំដល់សិស្ស-និស្សិតនៅកម្ពុជា។ ពិព័រណ៍អប់រំអាស៊ាន-ចិននេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។

ក្នុងពិធីបើកជាផ្លូវការនាព្រឹកថ្ងៃសុក្រ៤រោច ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវន២ងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមជាអធិបតីភាព ពីលោក ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាង លោករហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច នឹង លោក លី ជីនជុន ប្រធាននាយកដ្ឋានផ្លាស់ប្ដូរនិងសហប្រតិបត្តិការ នៃមន្ទីរអប់រំ ខេត្តក្វាងទុង លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិនដើម្បីការផ្លាស់ប្ដូរ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីក្រសួង-ស្ថាប័ននៃរាជរដ្ឋា ភិបាលកម្ពុជា តំណាងសាកលវិទ្យាល័យនានារបស់ភាគីចិន និងភាគីថៃ ក៏ដូចសិស្សានុសិស្សជាច្រើននាក់ចូលរួមផងដែរ ។

លោក កាវ ជាន បានឱ្យដឹងថា ពិព័រណ៍អប់រំចិន-អាស៊ានឆ្នាំ២០២៣នេះ មានគោលបំណង លើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកសាងវេទិការសម្រាប់ការ សិក្សា និងការផ្លាស់ប្ដូរគ្នាទៅវិញទៅ មករវាងប្រទេសចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន។
លោកបានបន្តថា ពិព័រណ៍អប់រំនេះដែរមានសាកលវិទ្យាល័យ មហាវិទ្យាល័យ សាលាអន្តរ ជាតិ ស្ថាប័នអប់រំ សរុបប្រមាណជាង៤០សាលានឹងទីតាំង មកពី១១ខេត្ត/ក្រុង នៃប្រទេសចិន រួមមាន៖ រដ្ឋធានីប៉េកាំង ,ទីក្រុងសៀងហៃ,ខេត្តស៉ីឈួន ,ខេត្តក្វាងទុង និងតំបន់ស្វយ័តក្វាងស៉ី ព្រមទាំងមកពីប្រទេសសមាជិកអាស៊ានផ្សេង ទៀតផងដែរ។ សាលាទាំងនេះគឺសុទ្ធតែជាជម្រើសដ៏ល្អសម្រាប់សិស្ស-និស្សិតកម្ពុជា ថៃ ក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត។

ជាមួយគ្នានោះ លោក លី ជីងជុន ចាត់ទុកពិព័រណ៍អប់រំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរនិងកិច្ច សហប្រតិបត្តិការរវាងចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន ពិសេសលើវិស័យអប់រំ និងសិក្សាធិការ។ លោកប្រធាននាយកដ្ឋានសង្ឃឹមថា សិស្ស- និស្សិតកម្ពុជានឹងទទួលបានអាហារូបករណ៍កាន់តែច្រើនពីសាលានានានៅខេត្តក្វាងទុង និងខេត្ត/ក្រុងផ្សេងទៀតនៃប្រទេសចិន ហើយលោកក៏បានលើក ទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាចូលទៅសាកសួរព័ត៌មាននៅតាមស្ដង់ពិព័រណ៍ទាំងឡាយ ក្នុងរយៈពេល២ថ្ងៃនេះ។
លោក ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំពិព័រណ៍អប់រំអាស៊ាន-ចិនលើកដំបូងនេះ ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្បូរបែបជូនដល់សិស្ស-និស្សិតកម្ពុជាក្នុងការបន្តការសិក្សាទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុ បណ្ឌិត និងថ្នាក់បណ្ឌិត (PHD)។

លោកបានចាត់ទុកថា ព្រឹត្តិ ការណ៍២ថ្ងៃនេះ រួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ ទឹក អគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។
លោក ចាប សុថារិទ្ធ ក៏បានរំឭកពីទំនាក់ ទំនងរវាងកម្ពុជានិងចិនដែលមានតាំងពីយូរមកហើយនោះ ពិសេសគឺការតភ្ជាប់ឡើងវិញដោយថ្នាក់ ដឹកនាំ ជំនាន់ក្រោយៗ ដែលបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្ដែង កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ក្នុងនោះវិស័យអប់រំក៏ត្រូវបានពង្រឹងនិងពង្រីកកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ៕ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង