ក្នុងឆ្នាំ២០២៣ផលនេសាទទឹកសាប និងទឹកសមុទ្រកើនឡើង និងខណៈការរកប្រាក់ចំណូល ពីវិស័យជលផលបានជាង៨២៨លាន រៀល
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣កន្លងមកផលនេសាទទឹកសាប និងផលនេសាទទឹកសមុទ្របានកើនឡើងបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២២ និងខណៈការរកប្រាក់ចំណូលលើវិស័យជលផលក្នុងឆ្នាំ២០២៣បានចំនួន៨២៨ ៤០៨ ៦៨៤រៀល កើនលើសឆ្នាំមុនចំនួន ២០៥ ០២៥ ៦៨១រៀល ស្មើនឹង ២២៣,៥៩ភាគរយ ។នេះបើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និង លើកទិសដៅសម្រាប់ឆ្នាំ២០២៤។
ក្នុងប្រភពខាងលើនេះបានបញ្ជាក់ដែរថារដ្ឋបាលជលផលបានខិតខំបំពេញភារកិច្ចក្នុងឆ្នាំ២០២៣កន្លងមក សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើ ការអភិរក្សជលផល ការអនុវត្តច្បាប់ស្តីពីជលផល ការអភិវឌ្ឍវារីវប្បកម្ម ការអភិវឌ្ឍសហគមន៍នេសាទ ការកែច្នៃផល នេសាទ ការធ្វើអាជីវកម្មនេសាទ និងការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្ត្រជលផល ពិនិត្យនិងកែសម្រួល សេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មី អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានដែលពាក់ព័ន្ធ។ក្រៅពីនេះក៏មានការសហការជាមួយដៃគូ អភិវឌ្ឍន៍ក្នុងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យជលផលឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកធានាសន្តិសុខ ស្បៀង លើកស្ទួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈការបង្កើតមុខរបរ និងទីផ្សារ ផល ផលិតផលជលផលផងដែរ។
ក្នុងរបាយការណ៍នេះបានបញ្ជាក់ដែរថា៖សម្រាប់ផលនេសាទ និងផលវារីវប្បកម្មក្នុងនេះការអនុវត្តបាន៨៦៦ ២៥០តោន កើនលើសឆ្នាំមុន៤ ០៥០តោន ស្មើ០៤៧ភាគរយ។ចំពោះផលនេសាទទឹកសាប៤២៦ ៧៥០តោន កើនឡើង២០ ៣៥០តោន ស្មើ៥,០១ភាគរយ។ផលនេសាទសមុទ្រ១២៥ ៥០០តោន កើនឡើង៣០០តោន ស្មើ០,២៤ភាគរយផលវារីវប្បកម្ម៣១៤ ០០០តោន ថយចុះ១៦ ៦០០តោន ស្មើ៥,០២ភាគរយ។
លើសពីនេះទៀតការអភិវឌ្ឍវារីវប្បកម្មចិញ្ចឹមត្រីបាន៣១៤ ០០០តោន ថយចុះ១៦ ៦០០តោន ស្មើ៥ភាគរយ ធៀបឆ្នាំ២០២២,ចិញ្ចឹមក្រពើបាន៣៣២ ៧០០ក្បាល ថយចុះ៥៨ ៧១៤ក្បាល ស្មើ១៥ភាគរយ,ភ្ញាស់កូនត្រីពូជបាន២៦៩លានក្បាល ថយចុះ១៤លានក្បាល,ផលិតកូនត្រីឆ្គង់៥០០ ០០០កូន និងកូនក្តាម១ ៥០០ ០០០កូន សម្រាប់លែងទៅក្នុងធម្មជាតិ,ការស្រាវជ្រាវលើការផលិតកូនពូជវារីសត្វប្រភេទថ្មីបាន៧ប្រភេទ រួមមានត្រីទ្យា គ្រំ ខ្នង រ៉ស់ អណ្តែងទន់,ពោនិងត្រីសណ្ដាយ និងវារីសត្វផ្សេងៗចំនួន២ប្រភេទ រួមមានត្រីខយ និងខ្យងជប៉ុន ឬខ្យងប័រ។
ក្រៅពីនេះរដ្ឋបាល ជលផលបានលើកទិសដៅអនុវត្តឆ្នាំ២០២៤សម្រេចឱ្យបានផលនេសាទទឹកសាប៤៥៤ ០០០តោន សមុទ្រ១៣០ ០០០តោន។វារីវប្បកម្ម៣៥០ ០០០តោន កូនត្រីពូជ៣០០ ០០០ ០០០កូន ក្រពើ៣០០ ០០០ក្បាល ការកែច្នៃ ៧០ ០០០តោន ទឹកត្រី៥០ ០០០ ០០០លីត្រ និងការនាំចេញផល ផលិតផលជលផល៨ ០០០តោន។
ជាមួយគ្នានេះរដ្ឋបាល ជលផលបន្តការអនុវត្តច្បាប់ ដោយសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ,បន្តការគ្រប់គ្រង ការពារកន្លែងអភិរក្សជលផលនិងលែងកូនត្រីពូជ និងប្រភេទត្រីកំពុងរងគ្រោះថ្នាក់ ក្នុងដែន ទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងកាត់បន្ថយការនាំចូលជំរុញការបង្កើតបណ្ដុំវារីវប្បករ ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេសនិងរកទីផ្សារ។ជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងពង្រឹងសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងវិភាគគុណភាព សុវត្ថិភាព ផលិតផលជលផល ជំរុញនិងលើកទឹកចិត្តផ្តល់បច្ចេកទេសក្នុងការអនុវត្តវារីវប្បកម្មល្អនិងការអនុវត្តអនាម័យល្អនិង
ផលិតកម្មល្អ ពង្រឹងសមត្ថភាពសហគមន៍នេសាទ ការគ្រប់គ្រងព្រៃលិចទឹកនិងព្រៃកោងកាង ការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងការស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រជលផល ដែលរដ្ឋបាលជលផល ត្រូវរកវិធីសាស្រ្តនិងយន្តការសម្រាប់អនុវត្តក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕