ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី៖ជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថល បើមិនចេះបច្ចេវិទ្យាឌីជីថល គឺមិនអាចធ្វើជាមេដឹកនាំគេបានទេ

18


ភ្នំពេញ៖ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពី បច្ចេកវិទ្យាឌីជីថល ឬមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ ហើយក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថល បើមិនចេះបច្ចេវិទ្យាឌីជីថល គឺមិនអាចធ្វើជាមេដឹកនាំគេបានឡើយ។
នេះជាការលើកឡើងរបស់ឯកឧត្តម កើត ឆែ អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ ការបង្ក្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកស្រី នួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាវាគ្មិន ហើយសិក្ខាកាមជាមន្ត្រីមកពីតាមបណ្តាសង្កាត់និងខណ្ឌនៅក្នុងរាជធានីភ្នំពេញជិត៣០០នាក់។
ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល «សន្តិសុខសាយប័រ» ដែលបាន រៀបចំនេះ គឺពិតជាមានសារៈសំខាន់ និងជាប្រធានបទដែលមានភាពជាក់ស្តែងនិយមខ្ពស់។ ការរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ពាក់ព័ន្ធនឹង «វិស័យឌីជីថល និងសន្តិសុខសាយប័រព័ត៌មានវិទ្យា»នេះ ក៏ជាការធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែម ព្រោះថា ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពី បច្ចេកវិទ្យាឌីជីថល ឬនិយាយម៉្យាងទៀត យើងមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ។ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចនិងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានធ្វើឱ្យមានផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស នៅលើគ្រប់វិស័យទាំងអស់ រួមមាន៖ វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ និង រដ្ឋបាលសាធារណៈជាដើម។
ឯកឧត្ដមបន្តថា៖ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយបច្ចេកវិទ្យា» ក៏ត្រូវបាន កំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើ «ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល»។ បរិវត្តកម្មឌីជីថល គឺជាលក្ខខណ្ឌចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីកសាងសេដ្ឋកិច្ច សង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការ ត្រូវតែយល់ដឹង និងទាញយកឱ្យអស់នូវសក្តានុពល ពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ និងបង្កើតនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត។ យើងដឹងហើយថា៖ អ្វីៗទាំងអស់គឺត្រូវធ្វើ «ឌីជីថូបនីយកម្ម» ឧទាហរណ៍ ពលរដ្ឋឌីជីថល, រដ្ឋាភិបាលឌីជីថល, រដ្ឋបាលឌីជីថល ធុរកិច្ចឌីជីថល ជាដើម។
ទន្ទឹមនឹងអត្ថប្រយោជន៍ដែលទទួលបានខាងលើ ក៏នៅមានបញ្ហាប្រឈមដ៏ធំមួយគឺបញ្ហា “សុវត្ថិភាព ទិន្នន័យ» ដែលតម្រូវឱ្យមានការដាក់ចេញនូវវិធានការបង្ការ និងបង្ក្រាបនានា ឆ្លើយតបទៅនឹងចរន្តនៃការលួច យកទិន្នន័យ និងប្រើប្រាស់បន្តក្នុងគោលបំណងខុសច្បាប់ ដែលមិនត្រឹមតែធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់ ទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យប៉ះពាល់សន្តិសុខជាតិថែមទៀតផង។
ក្នុងឱកាសនោះដែរ ឯកឧត្ដម កើត ឆែ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ ចូលរួមឱ្យបានពេញលេញ ដើម្បីទទួលបានចំណេះដឹង ជាប្រយោជន៍ដល់ការបំពេញការងារ និងការរស់នៅ ប្រចាំថ្ងៃ។ក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថលនេះ ទី១ គឺយើងអាចការពារខ្លួនឯងបាន,ការពារបងប្អូនជុំវិញខ្លួនយើង និងការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងបាន។សម័យនេះហើយ បើយើងមិនចេះបច្ចេវិទ្យាឌីជីថល យើងមិនអាចធ្វើជាមេដឹកនាំគេបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង