ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាំថ្ងៃលើទឹកដីវៀតណាម របស់ប្រតិភូក្លិបអ្នកកាសែតកម្ពុជា

190

វៀតណាម៖ប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ចំនួន៥រូប បានទស្សនកិច្ចការងាររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែឧសភា ឆ្នាំ២០២៤ លើទឹកដីវៀតណាម ចំពេលដែលប្រធានបទ គម្រោងព្រែកជីកហ្វូណនតេជោកំពុងក្តៅគគុកដោយសារព្រែកជីកនេះ ទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយ ប្រវត្តិសាស្រ្ត បរិស្ថាន ប្រព័ន្ធធារាសាស្រ្ត និងប្រទេសជិតខាងជាមួយនឹងវៀតណាមនេះឯង។

មុននឹងចេញដំណើរ ប្រតិភូបានគិតទៅដល់សំណួរនឹងការលើកឡើងមួយចំនួនពីសម
ភាគីវៀតណាមអំពីព្រែកជីក ប៉ុន្តែការគិតគូរនោះបានត្រឹមតែគិត ព្រោះរាល់ជំនួបទាំងអស់ ភាគីវៀតណាមមិនបានលើកទាល់តែសោះអំពីព្រែកជីក សូម្បីតែជាមួយ លោក Le Quoc Minh ជាមន្រ្តីជាន់ខ្ពស់វៀតណាមដែលជាសមាជិកមជ្ឈិមបក្ស ជាអនុប្រធានឃោសានាអប់រំមជ្ឈិមបក្ស ជានិពន្ធនាយកកាសែតប្រជាជនវៀតណាម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម នៅក្នុងជំនួបជាមួយគ្នានារសៀលថ្ងៃទី១៥ ខែឧសភា បីថ្ងៃមុននេះ ក៏ដូចគ្នាជាមួយថ្នាក់ដឹកនាំនៃស្ថាប័នសារព័ត៌មានធំៗដទៃទៀត រួមទាំងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ផង។

-វៀតណាមមិនចាប់អារម្មណ៍រឿងព្រែកជីកនេះ ឬយ៉ាងណា?ថាមិនចាប់អារម្មណ៍ក៏មិនទាន់គ្រប់ជ្រុងជ្រោយដែរ ព្រោះកន្លងមក ក្រៅពីអ្នកស្រាវជ្រាវ ក៏មានអ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម បានលើកបញ្ហាព្រែកជីកនេះចំនួនបីលើករួចមកហើយដែរ បើទោះបីជាកម្រិតនៃការលើកនោះមិនមានលក្ខណៈធ្ងន់ធ្ងរក៏ដោយ (ពីរលើកដោយអ្នកនាំពាក្យគោល រីឯមួយលើកទៀតដោយអ្នកនាំពាក្យរងនៅពេលអ្នកសារព័ត៌មានវៀតណាមចោទសួរអំពីព្រែកជីកនេះ)។ យ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំសាកសួរពលរដ្ឋ និងមន្រ្តីរដ្ឋការរបស់វៀតណាម គេឆ្លើយតបថាគេធ្លាប់បានឮខ្លះៗដែរតាមរយៈសារព័ត៌មាន ប៉ុន្តែគេមិនសូវចាប់អារម្មណ៍រឿងហ្នឹងទេ ហើយក៏មិនបានដឹងថានឹងទៅជាយ៉ាងម៉េច ក្នុងនោះក៏មានអ្នកសារព័ត៌មានផងដែរ។ ពិតណាស់ការសាកសួរប៉ុណ្ណឹងមិនមែនជាផ្លូវការឡើយ ព្រោះជាការស្វែងយល់តិចតួចប៉ុណ្ណោះ ហើយខ្ញុំយល់ថា ការចាប់អារម្មណ៍លើរឿងព្រែកជីកហ្វូណនតេជោអាចខុសគ្នារវាងអ្នករស់នៅភាគខាងជើង និងអ្នករស់នៅភាគខាងត្បូងនៃប្រទេសវៀតណាម។

-ប្រតិភូក្លិបអ្នកកាសែតកម្ពុជាទៅវៀតណាមធ្វើអ្វី?ជាការឆ្លើតតបទៅនឹងការអញ្ជើញរបស់ប្រធានសមាគមអ្នកកាសែតវៀតណាមដែលក្លាយជាដៃគូសហការជាមួយគ្នាលើកិច្ចការព័ត៌មាន បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាក្លាយជាសមាជិករបស់សហព័ន្ធសារព័ត៌មានអាស៊ាន (Confederation of Asean Journalists) នៅក្នុងឆ្នាំ២០១៨។ ក្លិបអ្នកកាសែតកម្ពុជាក៏មានដៃគូសហការជាមួយសមាគមអ្នកកាសែតនៃប្រទេសផ្សេងៗទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង