ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានី ភ្នំពេញ និងខេត្តកណ្តាល។
ស្ពានអាកាសភ្លោះដែលបើកការដ្ឋានសាងសង់នេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹង ស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរ ជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។ ព្រោះថាមហាវិថី សម្តេច តេជោ ហ៊ុន សែន ត្រូវបានសង់តភ្ជាប់ទៅដល់ព្រលានយន្តហោះថ្មីនេះ។ ច្បាស់ ណាស់នៅពេលព្រលានយន្តហោះដាក់ឱ្យដំណើរការចរាចរណ៍កាន់តែមមាញឹក ហើយនៅ ចំណុច ឆ្លងកាត់ផ្លូវជាតិលេខ២ អាចប្រឈមការកកស្ទះប្រសិនបើមិនមានស្ពានអាកាស ភ្លោះ សម្រាប់ឆ្លងកាត់លើផ្លូវជាតិលេខ២ទេនោះ។
ប្រមើលមើលឃើញពីបញ្ហាប្រឈមនេះហើយ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យសាងសង់ស្ពានអាកាសភ្លោះនេះឡើយ។
ស្ថិតនៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំបាទសូមអនុញ្ញាត គោរពរាយការណ៍ជូន សម្តេចធិបតីនាយករដ្ឋមន្តី និង លោកជំទាវបណ្ឌិត ព្រមទាំងអង្គពិធីទាំងមូល អំពីលក្ខណៈ បច្ចេកទេសនៃការស្ថាបនាស្ពានអាកាសភ្លោះ ដែលត្រូវបើកការដ្ឋានសាងសង់ក្នុងថ្ងៃនេះ ដោយមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនា ក្នុង អាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោង សាងសង់ ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឹងម៉ាត់ក្នងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត»។
គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ ផ្លូវ ជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ មានទិសដៅពី អាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។
ក្នុងនោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។
ក្រៅពីសំណង់តូស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានហើយនោះ គម្រោងស្ពានអាកាស ភ្លោះ នេះ ក៏នៅមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុង គម្រោង រួមមានការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាក សញ្ញា ចរាចរ, ការលាបគំនូសចរាចរ,ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំ ដើម ឈើ -ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ម៉ែត្រ រវាង ប្រឡោះ ស្ពានទី១ និងស្ពានទី២បន្ថែមទៀត។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលមានកំណើតឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំនោះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ស្ពានអាកាសនៅចំណុចផ្លូវប្រសព្វជាច្រើនខ្សែរួចមកហើយនៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និង កំពុងប្រើប្រាស់រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពាន អាកាស ៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពាន អាកាស ៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) និងស្ពាន អាកាស រង្វង់មូលចោមចៅ (៣១ មីនា ២០២២) និងស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥ (៣១ ខែឧសភា ឆ្នាំ២០២៣)។
ក្រៅពីស្ពានអាកាសដែលដាក់ឱ្យប្រើប្រាស់ដូចរៀបរាប់ខាងលើហើយនោះ ក៏នៅមានស្ពានអាកាសមួយកំពុងតែសាងសង់ផងដែរ។ ស្ពានអាកាសដែលកំពុងសាងសង់នេះ គឺស្ពានអាកាស «មរតកតេជោ»។ ស្ពានអាកាស «មរតកតេជោ» គឺជាស្ពានស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ជាមួយមហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវ២៧១។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យដំណើរ ការជាបណ្តោះអាសន្ននូវស្ពានអាកាសនេះ នៅជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ៕