ការវិនិយោគលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយ ទៅបង្កើតលុយ
ព្រះសីហនុ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាធ្វើនវានុវត្តន៍ជាប់ជាប្រចាំនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឆ្លើយតបនឹងកំណើនពាណិជ្ជកម្ម មិនតែប៉ុណ្ណោះការវិនិយោគលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយ ទៅបង្កើតលុយ។
សម្តេចនាយករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី ថ្លែងបែបនេះថា៖ «កម្ពុជាខ្ញុំចេញទៅក្រៅប្រទេស ទៅជួបអ្នកវិនិយោគនៅក្រៅប្រទេសមេដឹកនាំប្រទេសផ្សេងក៏គេធ្វើដូចគ្នា យើងមានគោលនយោបាយលើកទឹកចិត្ត គេក៏មានគោលនយោបាយលើកទឹកចិត្ត។ អញ្ចឹងទាំងការជួប CDC ទាំងការជួបក្រុមហ៊ុនឯកជន ដើម្បីគិតគូរមើលវិធីថា គោលនយោបាយអីទៀតដែរកាន់តែប្រកួតប្រជែង ឬលែងមានតម្រូវការហើយ លែងត្រូវហើយ ហើយធ្វើបែបមិញពេលដែលមានបញ្ហាត្រូវធានាថានៅមានការប្រកួតប្រជែង។ កំពង់ផែនេះដូចគ្នា […] នេះហើយមានន័យថាយើងមិននឹងថ្កល់ បើយើងនៅនឹងថ្កល់យើងនឹងចាញ់គេ។ ព្រោះគេកាន់តែលឿន អញ្ចឹងយើងត្រូវធ្វើនវានុវត្តន៍ និងទំនើបកម្ម ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រព័ន្ធការងារ ទាំងទំនើបកម្មសមត្ថភាព ធនធានមនុស្សរបស់យើង ដើម្បីយើងធានានូវភាពប្រកួតប្រជែង និងម្ចាស់ការរបស់យើងនៅលើពិភពលោក និងសមាហរណកម្មលើពិភពលោកនេះឯង»។
ថ្លែងនៅក្នុងឱកាសនោះដែរ សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ប៉ុនែ្តមិនមែនសម្រាប់តែកម្ពុជាទេ គឺជាកំពុងផែសម្រាប់តំបន់ ដោយគ្រប់នាវាទាំងអស់ ដែលធ្វើនាវាចរណ៍នៅក្នុងតំបន់ និងក្នុងពិភពលោកអាចចូលចត ឬចេញពីកំពង់ផែកម្ពុជាបាន ហើយទំនិញកម្ពុជាមិនលំបាកក្នុងការយកទៅផ្ទេរ នៅកំពង់ផែប្រទេសជិតខាង ដូចជាកំពុងផែប្រទេសសិង្ហបុរី ដែលមានតម្លៃដឹកជញ្ជូនខ្ពស់នោះទេ។
សូមជម្រាបងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា។ កំពង់ផែនេះស្ថិតនៅឈូងសមុទ្រកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ។
កំពង់ផែនេះត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវាចំនួន៨ចំណត ដែលបំពាក់ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់៕