ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥

29


ភ្នំពេញ៖ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាន ការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៩៦ នាក់ (ស្រី ២៨នាក់)។
ក្នុងចំណោមទណ្ឌិតចំនួន ២៩៦ នាក់ដែលត្រូវបន្ធូរបន្ថយទោសរួមមាន៖
-បន្ធូរបន្ថយទោស ៣ខែ ចំនួន ២០៧ នាក់ (ស្រី ១៨ នាក់) 
បន្ធូរបន្ថយទោស ៦ខែ ចំនួន ៧០ នាក់ (ស្រី ៥ នាក់) 
-បន្ធូរបន្ថយទោស ៩ខែ ចំនួន ១៧ នាក់ (ស្រី ៣ នាក់) 
-បន្ធូរបន្ថយទោស ១២ខែ ចំនួន ០២នាក់ (ស្រី ២ នាក់)។
ឯកឧត្ដម គឹម សន្តិភាព បញ្ជាក់ទៀតថា ជាមួយគ្នានេះ គណៈកម្មការជាតិក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន ៤រូប ចូលក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោស ដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ ៦ឆ្នាំ និង១០ឆ្នាំ។
ឯកឧត្ដមបានបញ្ជាក់ជូនជាថ្មីថា គណៈកម្មការថ្នាក់ជាតិ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិត ដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖ 
១៖ ចំពោះបទល្មើសទូទៅ
-ឧក្រិដ្ឋជនគ្រឿងញៀន
-អំពើសាហាវយង់ឃ្នង
-ករណីមិនរាងចាល
-ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
-ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
-ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស។
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
-ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ
-ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ
-ជនរងគ្រោះជាសាច់សាលោហិត
-ករណីរំលោភបូក
-ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕

អត្ថបទដែលជាប់ទាក់ទង