ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរថាភ្ញៀវជាតិនិងបរទេសទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)ច្រើនកុះករនិងទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំង

30


ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរថាភ្ញៀវជាតិនិងបរទេសទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)ច្រើនកុះករនិងទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមកេីត ឆែ អភិបាលរងនិងជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
បន្ថែមពីនេះសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងគណៈ ប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននិងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានយ៉ាងល្អប្រសើរ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិនិត្យនិងសំរេចលើរបៀបវារៈមួយចំនួនផងដែរ ក្នុងនោះ ក្រុមប្រឹក្សារាជធានីភ្នំពេញបានប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ មួយរូប គឺឯកត្ដម អ៊ុក សុផល អតីតនាយកទីចាត់ការហិរញ្ញវត្ថុ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជំនួសឯកឧត្ដម អ៊ាង ស៊ីផាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានទទួលមរណភាព។ ក្នុងនោះដែរបានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី អនុវត្តការងាររបស់ខ្លួនឱ្យបានល្អស្របតាមច្បាប់ជាធរមាន។បន្ថែមពីនេះទីចាត់ការធនធានមនុស្សត្រូវរៀបចំឯកសារ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្មីបានទៅប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។
ឯកឧត្ដម កេីត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។ ដោយចំពោះការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំចំណតបន្ថែមទៀត ដើម្បីទទួលភ្ញៀវទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)នោះ រដ្ឋបាលរាជធានីភ្នំពេញមិនអាចពង្រីកបន្ថែមចំពោះចំណតទៅតាមតម្រូវការភ្ញៀវទេសចរណ៍បានទេ ព្រោះសុទ្ធតែជាដីឯកជន។រដ្ឋបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យភ្ញៀវដែលទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)ប្រើប្រាស់មធ្យោបាយរួម៕

អត្ថបទដែលជាប់ទាក់ទង