ប្រធានរដ្ឋសភាទីម័រឡេស្តេ សម្តែងការដឹងគុណសម្តេចតេជោ ដែលជ្រោមជ្រែងទីម័រឡេស្តេឲ្យចូលជាសមាជិកអង្កេតការណ៍អាស៊ានកាលពីឆ្នាំ២០២២
ទីម័រឡេស្តេ៖លោកជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការដឹងគុណចំពោះការចូលរួមដ៏សកម្មរបស់កម្ពុជា ក្នុងការគាំទ្រ និងភាពសកម្មរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជាបច្ចុប្បន្ន ក្នុងការជួយជ្រោមជ្រែងប្រទេសទីម័រឡេស្តេ ឲ្យបានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ ជាពិសេសគឺតួអង្គរបស់សម្តេចតេជោ បានបន្តជ្រោមជ្រែងជួយដល់ប្រទេស ទីម័រឡេស្តេ ដើម្បីអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅពេលខាងមុខ។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ, លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅប្រទេសទីម័រឡេស្តេ នាពេលនេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេ ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ។
លោកជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ក៏បានបង្ហាញការនឹកគុណកម្ពុជាកន្លងមក ដែលបានជួយដល់ប្រទេសទីម័រឡេស្តេ ជាពិសេសនៅក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ១៩ ដែលកាលណោះកម្ពុជា បានជួយឧបត្ថម្ភជាវ៉ាក់សាំង បង្ការជំងឺកូវីដ១ ដល់ប្រទេសទីម័រឡេស្តេ នៅក្នុងដំណាក់កាលដ៏លំបាក។ លោកជំទាវបានបន្ថែមថា គុណូបការៈទាំងនេះគឺលោកស្រីផ្ទាល់ ក៏ដូចជាប្រជាជនទីម័រឡេស្តេ គឺមិនអាចបំភ្លេចបាននោះទេ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅលោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេថា សម្តេចនឹងមានបឋកថាដែលនឹងថ្លែងអំពីបទពិសោធន៍របស់កម្ពុជា នៅក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្តេ ហើយបឋកថានោះនឹងរំលេចពីបទពិសោធន៍របស់កម្ពុជា មុនចូលជាសមាជិករបស់អាស៊ាន បន្ទាប់មកកម្ពុជា បានចូលជាសមាជិកអាស៊ាន ទស្សនៈរបស់សម្តេចតេជោ ជុំវិញអាស៊ាន និងពិភពលោកជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចពីទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេ ដែលមកដល់ពេលនេះជាទំនាក់ទំនងដ៏រឹងមាំ ហើយសម្តេចក៏បានជម្រាបដល់ប្រទេសរដ្ឋសភាទីម័រឡេស្តេ ស្នើឱ្យបន្តគាំទ្ររដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការភ្ជាប់ទំនាក់ទំនងបន្ថែមពិសេសការពង្រីកពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីការសហការគ្នានៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលប្រទេសទាំងពីរត្រូវតែពង្រឹងបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចប្រធានរដ្ឋសភាសកម្ពុជា ជូនដល់លោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញលោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេ មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយផងដែរ។
ជាការឆ្លើយតបលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានសម្តែងនូវក្តីរីករាយ ចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការបញ្ជាក់អំពីតួនាទីដ៏មានសារៈសំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ ក៏បានជម្រាបទៅសម្តេចតេជោ ហ៊ុន សែន ថានៅពេលណាមួយលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាពិសេសមុនផុតអាណត្តិរបស់លោកជំទាវជាប្រធានរដ្ឋសភា។
លោកជំទាវក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រឡេស្តេ នាពេលកន្លងមកដើម្បីសិក្សានៅក្នុងប្រទេសកម្ពុជា ចំណុចនេះជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្ស របស់ប្រទេសទីម័រឡេស្តេ៕