ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឆាំងនៅក្រៅប្រទេស ផលិតវីដេអូធ្វើឲ្យប៉ះពាល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់កងទ័ព,ត្រូវមន្រ្តីនគរបាលជាន់ខ្ពស់ទទួលការងារសន្តិសុខជាតិ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់

81

ភ្នំពេញ៖មន្រ្តីនគរបាលជាន់ខ្ពស់ទទួលការងារសន្តិសុខជាតិ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះក្រុមប្រឆាំងក្រោមបញ្ជារបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងបំពុលសង្គមតាមរយៈការផលិត និងចែកចាយវីដេអូ ប្រឌិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ពជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីនគរបាលជាន់ខ្ពស់ដែលទទួលបន្ទុកការងារសន្តិសុខជាតិ បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីចាត់វិធានការតាមច្បាប់ ចំពោះមនុស្សមួយក្តាប់តូចដែលជាក្រុមរបស់ទណ្ឌិត សម រង្ស៊ី នៅក្រៅស្រុក បាននិងកំពុងបង្កើតចលនាផលិត និងចែកចាយ សកម្មភាពប្រឌិតស្លៀកឯកសណ្ឋានកងទ័ព ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ពដ៏អង់អាចក្លាហានរបស់ជាតិ។

មន្រ្តីនគរបាលជាន់ខ្ពស់រូបេនះ បានបញ្ជាក់ថា ក្រុមប្រឆាំងបានផលិតវីដេអូឲ្យបក្ខពួកស្លៀកឯកសណ្ឋានជាយោធាកាន់កាំភ្លើងបាញ់ទឹក និងបង្ហោះដោយគណនីហ្វេសប៊ុក និង Tik Tok ឈ្មោះ «Amy Richard310» និង FB ឈ្មោះ «Piseth P G EM» ដែលពួកគេបាននិយាយខ្លឹមសារវាយប្រហារដល់ទឹកចិត្តយោធា និងប្រមាថដល់ថ្នាក់ដឹកនាំយ៉ាងខ្លាំង។

តាមលទ្ធផលស្រាជ្រាវ, សមត្ថកិច្ចជំនាញ បានកំណត់បុរសម្នាក់ស្លៀកឯកសណ្ឋានយោធានោះ ជាក្រុមជ្រុលនិយមនៅក្រៅប្រទេសមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស កើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៨៨ និងមានទីកន្លងកំណើត ខេត្តព្រះវិហារ ហើយបន្តមករស់នៅភូមិចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នបុគលរូបនេះរស់នៅខេត្តខនថាក់បូរី ក្រុងបាងកក ប្រទេសថៃ

បុគ្គលរូបនេះមានតួនាទីជាប្រធានបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ មានទំព័រហ្វេសប៊ុកឈ្មោះ Em Piseth-អែម ពិសិដ្ឋ (www.facebook.com/61563344090790)។ គណនី Tik Tok ឈ្មោះ «Amy Richard310» និង FB ឈ្មោះ «Piseth P G EM»។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។

តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់ ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍ តាមព្រំដែននាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ព៕

អត្ថបទដែលជាប់ទាក់ទង