ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារួមនឹងវិស័យឯកជន និងអង្គការសមាគមបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពជួរមុខនៅខេត្តព្រះវិហារ
ព្រះវិហារ៖ក្រោមដំណក់ទឹកភ្លៀងរលឹមនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដឹកនាំដោយឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារួមនឹងវិស័យឯកជន និងអង្គការសមាគមបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពជួរមុខនៅខេត្តព្រះវិហារ។ ក្នុងឱកាសឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា «ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត»។
ឯកឧត្ដមបន្តថា៖ក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា យើងបានធ្វើចលនាគៀរគរជំនួយជាថវិកា និងសម្ភារៈចាំបាច់ដែលជាការរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមមាន៖ ព្រះសង្ឃ បងប្អូនសាសនិកឥស្លាម គ្រឹះស្ថានអប់រំ វិស័យឯកជន កីឡាករ កីឡាការិនី កីឡាករប៉ារ៉ាឡាំពិក សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់កោសិកាសង្គម។ ការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនពីគ្រប់ទិសទីបង្ហាញឱ្យឃើញនូវទឹកចិត្ត និងឆន្ទៈស្នេហាជាតិរបស់កូនខ្មែរ។
ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ស្មោះអស់ពីបេះដូងនូវកាយវិការចែករំលែកដ៏មានអត្ថន័យរបស់បងប្អូនទាំងអស់គ្នាទៅ កាន់វីរយុទ្ធជនការពារជាតិរបស់យើង។ ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះគឺ ជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត៕