ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្ដាល សំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ជួយសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ

48

កណ្ដាល៖ ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ នៅពេលមានភ្លៀងធ្លាក់ម្ដងៗនារដូវវស្សានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្ដាផ្លូវនានាក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតនៅតាមគំរបលូទាំងអស់ ឱ្យបានស្រឡះល្អ ចៀសវាងកកស្ទះដោយសំរាម ឬបិទគម្របលូទាំងនោះ។

ឯកឧត្តម គួច ចំរើន បានធ្វើការសំណូមពរបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរសាធារណការ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យការដាក់ប្រព័ន្ធលូ តាមស្ទឹងព្រែកត្នោត ក្នុងសង្កាត់ដើមមៀន និងការស្ដារប្រឡាយនានា ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីរំដោះទឹកភ្លៀងបញ្ចៀសការជន់លិចនៅក្នុងក្រុងតាខ្មៅ រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ 

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ប្រព័ន្ធលូរបស់យើងមានទំហំធំ ប្រឡាយរបស់យើងបានស្ដារបើកមុខទឹក ដែលអាចរំដោះទឹកភ្លៀងបាននៅពេលមានភ្លៀងធ្លាក់ម្ដងៗ ប៉ុន្តែនៅតំបន់ខ្លះ តាមគម្របលូរបស់យើងមានលក្ខណៈតូចចង្អៀត ខ្លះទៀតកកស្ទះដោយសារសំរាម ឬមានការបិទគម្របលូដែលបណ្ដាលឱ្យស្ទះចរន្តទឹក ហូរមិនបានល្អ ទើបធ្វើឱ្យតំបន់ខ្លះនៅក្រុងតាខ្មៅ រងការជន់លិចដោយជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានធ្វើការណែនាំ ឱ្យមន្ត្រីជំនាញពន្លឿនការសាងសង់ ដើម្បីចូលរួមលើកកម្ពស់សោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន និងបើកផ្លូវទឹកឱ្យហូរលឿន ចៀសវាងផលប៉ះពាល់ដោយការស្ទះទឹកបណ្តាលឱ្យលិចផ្លូវ ក្នុងក្រុងតាខ្មៅ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយដែលបង្កឱ្យមានការកកស្ទះ ដែលមិនអាចធ្វើឱ្យទឹកភ្លៀងហូរបានលឿនល្អ និងធ្វើឱ្យជន់លិចនៅតំបន់មួយចំនួនក្នុងក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង