ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៤នាក់ក្នុងមួយគ្រួសារក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ យ៉ាងអណោចអធ័មមួយនៅខណ្ឌពោធិ៍សែនជ័យ

32

ភ្នំពេញ៖ផ្ទះជួសជុលម៉ាស៉ីនត្រជាក់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យស្លាប់មួយគ្រួសារ សមាជិក៤នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥៖០៥នាទីទាបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រេីប្រាស់ទឹក អស់០៤ឡាន ស្មេីរនឹង២២ម៉ែត្រគូប និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរ នឹង០៨ ម៉ែត្រគូប។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មក្រោមលេីស័ង្កសី ទំហំ (០៥ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូចខាតអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ទៀតថា ដោយសារតែទីតាំងកេីតហេតុខាងលេី ជាទីតាំងជួសជុលម៉ាស៉ីនត្រជាក់ នឹងបានដាក់សម្ភារៈពេញច្រកមុខផ្ទះ ដែលជាហេតុធ្វេីឲ្យម្ចាស់ផ្ទះពិបាកក្នុងការរត់ចេញមកក្រៅទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានធ្វេីការសំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររកស៉ីទាំងអស់ ត្រូវតែធ្វេីយ៉ាងណា កុំដាក់សម្ភារៈពេញច្រកមុខផ្ទះ នឹងត្រូវមានទ្វារក្រោយសម្រាប់ការរត់គេចចេញ នៅពេលមានហេតុការណ៍ចាំបាច់ណាមួយកេីតឡេីងផងដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺបានបណ្តាលឲ្យមានមនុស្សចំនួន៤នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ៕

អត្ថបទដែលជាប់ទាក់ទង