ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនប្រដាប់អាវុធនិងប្រពន្ធដែលបាញ់ប្រហារលើជនរងគ្រោះស្លាប់៣នាក់និងរបួសធ្ងន់ម្នាក់នៅខេត្តកំពតចាប់ខ្លួនបានហើយនៅខេត្តតាកែវ

97

កំពត៖ជនប្រដាប់អាវុធម្នាក់ដែលបាញ់ប្រហារបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវបង្ក្រាបបានហើយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិសាស្ដ្រខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថា បន្ទាប់ពីស្រាវជ្រាវក្រោយថ្ងៃកើតហេតុ នៅពេលនេះជនដៃដល់ដែលឈ្មោះ អ៊ុំ វុទ្ធី ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានហើយនៅស្រុកបាទី ខេត្តតាកែវ។

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ, ក្រៅពីជនដៃដល់ខាងលើ ប្រពន្ធរបស់ជនដៃដល់រូបនេះ ក៏ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់។

សូមរលឹកថា នៅយប់ថ្ងៃកើតហេតុ ក្រុមជនរងគ្រោះកំពុងជួបជុំគ្នាហូបចុក ពេលនោះក៏មានឆ្កែមួយក្បាលចូលទៅក្នុងវង់ហូបចុក ស្រាប់តែជនរងគ្រោះយកកំប៉ុងស្រាគប់ទៅលើឆ្កែ ហើយប្រពន្ធរបស់ជនដៃដល់បានចោទថា កំប៉ុងស្រាដែលជនរងគ្រោះគប់នោះត្រូវខ្លួន ក្រោយមកក៏ឈ្លោះប្រកែកគ្នាមួយប្រាវ។ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ទាហានយកសាច់រឿងមកប្រាប់ប្ដី ដែលជាជនដៃដល់បានដើរចេញពីផ្ទះយកកាំភ្លើងទៅបាញ់រះលើក្រុមជនរងគ្រោះតែម្ដង។

ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) និងរងរបួសធ្ងន់ម្នាក់៕

អត្ថបទដែលជាប់ទាក់ទង