ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន៖ បច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥
ភ្នំពេញ៖ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន៖ បច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ បញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ឈរលើមូលដ្ឋានកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញាទ្វេភាគីដែលមានស្រាប់ និងស្រប តាមច្បាប់អន្តរជាតិ
នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចមធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាជាមួយ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម អាដាម ស្មីត (Adam Smith) សមាជិកសភាអាមេរិក តំណាងរដ្ឋវ៉ាស៊ីនតោន អមដោយ ឯកឧត្តម មៃខែល បូមហ្គាតណី (Michael Baumgartner) សមាជិកសភាអាមេរិក តំណាងរដ្ឋវ៉ាស៊ីនតោន និងឯកឧត្តម គ្រីស៊ី ហូលាហាន (Chrissy Houlahan) សមាជិកសភាអាមេរិក តំណាងរដ្ឋផែនស៊ីល្វានៀ។
ពាក់ព័ន្ធនឹងស្ថានការព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាស ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) សម្រាប់តួនាទីដ៏សំខាន់ក្នុងការជួយអន្តរាគមន៍ សម្របសម្រួលឲ្យមានបទឈប់បាញ់យ៉ាង ឆាប់រហ័ស រវាងកម្ពុជា និងថៃ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋជាច្រើន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិវឌ្ឍន៍ថ្មីៗស្តីពីស្ថានការព្រំដែន កម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញអំពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញាទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។
II. ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា អញ្ជើញបំពេញបេសកកម្មនៅទីក្រុងញូយ៉ក ដើម្បីចូលរួមមហាសន្និបាត លើកទី៨០ នៃអង្គការសហប្រជាជាតិ៖
ឆ្លៀតក្នុងឱកាសមហាសន្និបាតលើកទី៨០ នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក នៅ រសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ រួមមានអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាលេស៊ី និងថៃ។ កិច្ច ប្រជុំនេះត្រូវបានផ្តួចផ្តើមឡើង និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្នុងកិច្ចពិភាក្សាគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញពី ការប្តេជ្ញាចិត្ត របស់កម្ពុជា ចំពោះឆន្ទៈរួមក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ ដោយវិធីសន្តិវិធី តាមរយៈការកសាងទំនុកចិត្តឡើងវិញ និងខិតខំធ្វើឱ្យប្រក្រតីភាពឡើង វិញនូវទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជននៃ ប្រទេសទាំងពីរ។
ក្នុងឱកាសដូចគ្នានោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួប ពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អង់តូនីញូ ហ្គោតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីស្ថានភាពថ្មីៗទាក់ទងនឹងវិវាទព្រំ ដែនរវាងកម្ពុជានិងថៃ។ ឯកឧត្តម បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តមុតមាំរបស់ កម្ពុជា ក្នុងការខិតខំបន្ធូរបន្ថយភាពតានតឹង ស្តារទំនុកចិត្តរវាងគ្នា និងអនុវត្តយ៉ាង ពេញលេញ និងស្មោះត្រង់តាមកិច្ចព្រមព្រៀងថ្មីៗ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ ត្រឡប់ទៅប្រក្រតីភាពវិញ។
III. ក្រសួងការពារជាតិ- នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំង កម្ពុជានៅតំបន់អានសេះ ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម៖
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបាន ចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើង ត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។
កងទ័ពកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្ត ទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។
កងកម្លាំងរបស់កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និង ការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ…និងអំពាវនាវឱ្យភាគីថៃ អនុវត្តនិងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា។
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នក សង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក ចុះសង្កេត ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្ត ឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, នេះជា ថ្ងៃទី៦០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ឃុំខ្លួនដោយយោធាថៃ ក្រោយបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា អំពាវនាវឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ប្រកបដោយសុខសុវត្ថិភាព ស្របតាម ច្បាប់មនុស្សធម៌អន្តរជាតិ៕

