ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនត្រូវបានជ្រើសតាំងជាប្រធានសមាគមអតីត យុទ្ធជន និងនិវត្តជន អស់មួយ ជីវិត, ខណៈសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជននិងនិវត្តន៍ជន»

96

ភ្នំពេញ៖ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ មហាសន្និបាតបានសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមនេះអស់មួយជីវិត ។

ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដដែលនេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងអំណរអរគុណចំពោះការផ្តល់ជំនឿទុកចិត្តឲ្យសម្តេចបានដឹកនាំសមាគមនេះអស់មួយជីវិត ។ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន»។

សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ត្រូវចូលកាន់តំណែងជាប្រធានសមាគម។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។

គួរបញ្ជាក់ថា៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជា ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនទូទាំងប្រទេសអបអរសាទរ។ 

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបង្កើតសមាគមអតីតយុទ្ធជន នៅតាមក្រសួងស្ថាប័នស៊ីវិល ហើយរដ្ឋមន្រ្តីជាប្រធានសមាគម។

“ជាមួយលក្ខន្តិកៈថ្មីរបស់សមាគម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអតីតយុទ្ធជនបងប្អូនទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តឲ្យខ្ញុំធ្វើជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនជារៀងរហូត” ។ 

សម្តេចតេជោមានប្រសាសន៍បន្ថែមថា ការណ៍នេះគឺបានជំរុញលើកទឹកចិត្តឲ្យសម្តេចមានថាមពល និងឆន្ទៈខ្ពស់ ក្នុងការចូលរួមលើកស្ទួយជីវភាពអតីតយុទ្ធជន និវត្តជន និងគ្រួសារទាំងស្មារតី និងសម្ភារៈក៏ដូចជាការការពារភាពសុខុដុមរមនាក្នុងសង្គមកម្ពុជាប្រកបដោយភាពជឿជាក់ និងប្រាកដនិយម ។

សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែនផ្ទាល់កាលពី១៨ឆ្នាំមុន ហើយបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងគិតគូរដល់អតីតយុទ្ធជនកម្ពុជាដោយបានជួយពង្រឹងពង្រីកតួនាទីរបស់សមាគមអតីតយុទ្ធជនយ៉ាងផុសផុល៕

អត្ថបទដែលជាប់ទាក់ទង