មិនមែនករណីប្លន់ម៉ូតូនោះទេមិនឃើញស្ត្រីរងគ្រោះខាងលើមកដាក់ពាក្យបណ្តឹងនោះទេ
ភ្នំពេញ ៖ ក្រោយមានប្រជាពលរដ្ឋមករាយការណ៌កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះដល់ចំណុចកើតហេតុភ្លាមៗថាមានករណីប្លន់ម៉ូតូ។
ហេតុការណ៍កើតឡើង នាវេលាម៉ោង ១៥និង៤៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ចំណុចផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ដែលឃើញហេតុការណ៍ឲ្យដឹងថា ខ្លួនបានជិះម៉ូតូតាមផ្លូវ ឆ្លងកាត់កន្លែងកើតហេតុទៅផ្ទះ ហើយក៏បានឃើញមនុស្សប្រុស និងមនុស្សស្រី ០២នាក់ បានឈរក្បែរគ្នា គាត់ក៏បានជិះម៉ូតូហួសប្រហែល៣០ម៉ែត្រ ក៏ស្រាប់ឮសំឡេងមនុស្សស្រីស្រែក គាត់ក៏បត់ម៉ូតូត្រឡប់មកក្រោយវិញ ក៏ឃើញមនុស្សប្រុស និងមនុស្សស្រីទាំង០២នាក់ ប្រតាយប្រតប់គ្នា មិនដឹងមូលហេតុ រួចបុរសនោះជិះម៉ូតូរបស់ខ្លួនចេញទៅបាត់។ លុះមួយសន្ទុះក្រោយមកស្រ្តីរងគ្រោះខាងលើក៏ជិះម៉ូតូរបស់គាត់ចាកចេញពីកន្លែងកើតហេតុទៅបាត់ផងដែរ។បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ កំពុងសហការជាមួយកម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បន្តធ្វើការស្រាវជ្រាវ៕

