ឯកឧត្ដម ហ៊ុនម៉ានីចាត់ទុកទង្វើអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលប្រមាថលើសម្តេចតេជោហ៊ុនសែនមិនស័ក្ដិសមជាប្រជាជនស៉ីវិល័យនិងមិនអាចទទួលយកបាននោះទេ
ភ្នំពេញ៖ក្រោយពីសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះទង្វើរបស់ប្រជាជនថៃ ដែលយករូបភាពរបស់សម្ដេចទៅធ្វើជាផ្ទាំងស៉ីប ដើម្បីបាញ់កាំភ្លើងមានលក្ខណៈប្រមាថនោះ, ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ហើយក៏ជាកូនប្រុសរបស់សម្ដេចដែរនោះ ក៏បានចេញមកប្រតិកម្មចំពោះទង្វើដ៏អសីលធម៌ គ្មានគុណធម៌នេះ។
តាមរយៈបណ្ដាញសង្គម ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអះអាងថា កម្ពុជាតែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែនេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះ ក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ប្រជាជាតិទាំងសងខាង គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឲ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឲ្យកើតឡើងទៀត។
សូមរំលឹកថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា បានបង្ហាញសារពិសេសមួយដោយ សូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន បាននឹងកំពុងធ្វើដាក់សម្តេច ហើយសម្តេចតេជោក៏ប្រកាសឲ្យដឹងថា ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង៕

