ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កែវ រ៉េមី បានអះអាងថា ​សិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រើសើរ ជាងអាមេរិក

94


ភ្នំពេញ៖ ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ បានអះអាងថា នៅ​អឺរ៉ុប​ក៏​នៅមាន​បញ្ហា​សិទ្ធិមនុស្ស ហើយ​នៅ​អូ​ស្រា្ត​លី ក៏មាន​បញ្ហា​សិទ្ធិមនុស្ស​ដែរ ពាក់ព័ន្ធ​នឹង​ការសុំ​សិទ្ធិ​ជ្រកកោន​ពី​ជន​ភៀស​ខ្លួន​។ ដោយឡែក សហរដ្ឋអាមេរិក​វិញ ក៏មាន​បញ្ហា​សិទ្ធិមនុស្ស​ច្រើន​ដូចគ្នា ​ហើយបើនិយាយអំពី​សិទ្ធិមនុស្សវិញ កម្ពុជាមានភាពល្អប្រើសើរជាងអាមេរិក​។

លោក កែវ រ៉េមី ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ បានថ្លែងបែបនេះ ​នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ​ ក្នុងឱកាសដែលកម្ពុជា ប្រារព្ធពិធីខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ “រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស” ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ​នៅសាលមហោស្រពកោះពេជ្រ។
លោក​ កែវ​ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិក មិនមែនជាបិតាប្រជាធិបតេយ្យនោះទេ។
លោក​ កែវ​ រ៉េមី​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​បញ្ជាក់យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក មានបងប្អូនប្រជាជនខ្មែរយើងខ្លះ លោកមានការយល់ច្រឡំថា ជាបិតាប្រជាធិបតេយ្យ តាមពិតមិនមែនទេ។ បញ្ហាច្រើនណាស់”។

​លោក បាន​លើកឡើង​​ថា​ ​មាន​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ខ្លះ មានការ​យល់ច្រឡំ ថា​សហរដ្ឋអាមេរិក ជា​ប្រទេស​បិតា​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស ជាការ​ពិត​គឺ​មិនមែន​ទេ ​។ អាមេរិក មាន​បញ្ហា​ច្រើនណាស់ ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិមនុស្ស​។ លោក​​ កែវ រ៉េមី បានឲ្យដឹងថា ប្រជាជនអាមេរិក​ ស្មើនឹង៥ភាគរយ នៃប្រជាជននៅលើសកលលោក។ ក៏ប៉ុន្តែអ្នកដែលជាប់ពន្ធនាគារ មិនមែនតួលេខ៥ភាគរយ ដូចប្រជាជនលើសកលលោកទេ គឺ២៥ភាគរយ ស្នើនឹងចំនួនអ្នកជាប់គុកទូទាំងសកលលោក។ លោកថា បើគិតអត្រា​នៃអ្នកជាប់គុកនៅអាមេរិក គឺខ្ពស់មែនទែន ហើយបើគិតជាតួលេខ គឺ២,៤លាននាក់ បើគិតជាប្រជាជននៅរាជធានីភ្នំពេញ ប្រហាក់ប្រហែលនៅទីក្រុងភ្នំពេញ។ លោក កែវ រ៉េមី បានបន្តថា គេសង្កេតឃើញទៀតថា អ្នកជាប់គុកនៅសហរដ្ឋអាមេរិក ៦០ភាគរយ សម្បុរមិនមែនពណ៌សទេ គឺដូចជា ស្បែកខ្មៅ ម៉ិចស៊ីកូ និងអាស៊ី។ល។ លោក កែវ រ៉េមី បាន​ថ្លែងថា ​យើង​អាច​និយាយបានថា បញ្ហាសិទ្ធិមនុស្សមានច្រើនណាស់នៅលើសកលលោក ។ មិនមាន​ប្រទេស​ណាមួយ​នៅលើ​សាកលលោក មានការ​គោរព​សិទ្ធិមនុស្ស​បាន​ពេញលេញ​នោះទេ​។ ខ្ញុំ បាន​សិក្សា​ស្រាវជ្រាវ​ទាក់ទង​បណ្តា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក គឺមាន​បញ្ហា​សិទ្ធិមនុស្ស​ទាំងអស់ គ្រាន់តែ​បញ្ហា​សិទ្ធិមនុស្ស​នេះ មាន​តិច​ឬ​ច្រើន ប៉ុណ្ណោះ​។​ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀប​ជាមួយ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី រួមទាំង​ប្រទេសជិតខាង​ផងដែរ​។

លោកបញ្ជាក់បន្ថែមថា “មានបងប្អូនខ្លះបានចូលក្នុងហ្វេសប៊ុកហើយ សួរខ្ញុំថា កម្ពុជា មានសិទ្ធិមនុស្សឬទេ? មានការគោរពសិទ្ធិមនុស្សឬអត់? អ៊ីចឹងខ្ញុំសុំជម្រាបជូនទៅវិញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរណាស់ ប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង ប្រទេសមួយចំនួន នៅអាស៊ី នៅអឺរ៉ុប នៅអាមេរិក ស្ថានភាពរបស់យើង មានលក្ខណៈល្អប្រសើរ។ អ៊ីចឹងខ្ញុំ សូមជម្រាបជូនបន្តទៀតថា កត្តាសន្តិភាព រក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាពជា គឺជាគន្លឹះមួយ នៃការអបអរសាទរនៃខួបទី៧០របស់យើងនាពេលនេះ នៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស”៕

អត្ថបទដែលជាប់ទាក់ទង