មូលហេតុអ្វីតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់ជាងសាំងធម្មតានិងសាំងស៊ូពែរក្រសួងពាណិជ្ជកម្ម សម្តែងការសោកស្តាយតម្លៃប្រេងឥន្ធនៈ៣ថ្ងៃចុងក្រោយមិនបានធ្លាក់ចុះដូចការរំពឹងទុក
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងម៉ាស៊ូត សម្រាប់លក់តាមស្ថានីយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦ បានឡើងថ្លៃខ្ពស់រហូតដល់ ៦ ៤០០រៀលក្នុង១លីត្រ ដែលថ្លៃលើសសាំងធម្មតា មានតម្លៃ ៥ ២០០រៀលក្នុង១លីត្រ និងសាំងស៊ូពែរតម្លៃ ៦ ២០០រៀលក្នុង១លីត្រ (ប្រែប្រួលតាមក្រុមហ៊ុន)។
តើមានមូលហេតុអ្វី បានជាប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់បែបនេះ? ឯកឧត្ដម ប៉ែន សុវិជាតិអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចេញមកពន្យល់ថា ដោយសារតែនៅពិភពលោកខ្វះខាតប្រេងឥន្ធនៈ ហើយប្រេងម៉ាស៊ូតមានតម្រូវការចាំបាច់មិនអាចជំនួសបាន ក្នុងឧស្សាហកម្មធុនធ្ងន់ បូករួមជាមួយហេតុផលមួយចំនួនទៀត ដូចជាការកម្រិតការផលិតម៉ាស៊ូត ដើម្បីការពារបរិស្ថាន និងការផលិតមានភាពស្មុគស្មាញជាងសាំងដើម។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការសោកស្តាយចំពោះតម្លៃប្រេងឥន្ធនៈ ៣ថ្ងៃចុងក្រោយ មិនបានធ្លាក់ចុះដូចការរំពឹងទុក ព្រោះតែតម្លៃនៅទីផ្សារអន្តរជាតិនៅបន្តកើនខ្ពស់ បើទោះបីមានព័ត៌មានល្អៗអំពីប្រេងឥន្ធនៈក្តី៕
