ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅកំពុងដោះស្រាយបន្ទាន់ បញ្ហាទឹកជន់លិចផ្លូវនៅតំបន់បឹងព្រលឹត ភូមិអរអណ្ដូងទី១សង្កាត់ព្រែកប្រា    

73

ភ្នំពេញ ៖ បញ្ហាទឹកជន់លិចផ្លូវនៅតំបន់ផ្សារបឹងព្រលឹត កំពុងត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ យកចិត្តទុកដាក់ចុះដោះស្រាយបន្ទាន់ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាព កំពុងជន់លិចនៅតំបន់នោះ វិលទៅរកប្រក្រតីភាពឡើងវិញ ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ រួមទាំងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមមន្ត្រីជំនាញ បន្តចុះទៅដោះស្រាយបញ្ហាទឹកជន់លិចជាក់ស្តែង នៅលើផ្លូវជុំវិញផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ 

កម្លាំងអាជ្ញាធរចម្រុះ បានប្រើប្រាស់រថយន្តបូមទឹក និងម៉ាស៊ីនបូមរុញទឹក ដែលសមត្ថភាពបំពាក់ទុយោបូម ចំនួន២ អាចបូមក្នុងពេលតែមួយ បូមទឹកចេញពីតំបន់កំពុងមានការជន់លិច ។ 

លោក ចេង មុនីរ៉ា បានសុំការយោគយល់ចំពោះបញ្ហាទឹកលិចផ្លូវនៅតំបន់រស់នៅរបស់បងប្អូន ប៉ុន្តែទោះជាយ៉ាងណាក្តី អាជ្ញាធរកំពុងបង្កើនការយកចិត្តទុកដាក់ ដោះស្រាយឲ្យបានលឿនដើម្បីឲ្យប្រជាពលរដ្ឋ អាចរស់នៅ និងប្រកបរបរបានឡើងវិញ ក្នុងពេលឆាប់ៗនេះ ៕

អត្ថបទដែលជាប់ទាក់ទង