ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារាត្រី១១តុលាសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន 

69

ភ្នំពេញ៖នៅរាត្រីថ្ងៃទី១១ ឆ្លងចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន ដែលឹនងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីទូទាំពិភពលោក។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍន៍ស្ត្រីលើគ្រប់វិស័យ” ក៏ជាការពង្រឹងការគាំទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្តការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពី យេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

នៅក្នុងខណៈពេលនៃកិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដល់អង្គពិធីផងដែរ។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃ សេចក្តីប្រកាសទីក្រុងប៉េកាំ សម្តេចប្រធានរដ្ឋសភា នឹងលើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះមុត និងមានទស្សនៈវែងឆ្ងាយ របស់សភាក៏ដូចជារាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា ចាប់តាំពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ក្មេងស្រ្តីនៅកម្ពុជា ក្រោមពាក្សស្លោកថា “ស្ត្រី គឺជាឆ្នឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច”។ 

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ លើគ្រប់វិស័យមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ កសិកម្ម និងទេសចរណ៍ជាដើម៕

អត្ថបទដែលជាប់ទាក់ទង