ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណីស៉ីឈ្នួលបាញ់សម្លាប់មនុស្សក្នុងតម្លៃ២,៣០០ដុល្លារនៅខណ្ឌច្បារអំពៅ, ជនល្មើស២នាក់ត្រូវបានចាប់ខ្លួន

112

ភ្នំពេញករណីឃាតកម្មបាញ់ប្រហារបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅ នៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនដៃដល់ដែលជាខ្មាន់កាំភ្លើង ព្រមទាំងស្ដ្រីម្នាក់ដែលជាអ្នកជួលឲ្យខ្មាន់កាំភ្លើងធ្វើសកម្មភាព ក្នុងតម្លៃ២,៣០០ដុល្លារ។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ នសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល២,៣០០ដុល្លារ។

ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។ ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី១ដើមម៉ាក K59៕

អត្ថបទដែលជាប់ទាក់ទង