ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខណ្ឌចំការមនស្នើឱ្យជួយដោះ ស្រាយប្រព័ន្ធលូរំដោះទឹកនៅក្នុងសាលាជំនាន់ថ្មីបឹងត្របែក ដាក់នរគបាលសម្រួលចរាចរណ៍ នៅកន្លែងមានផ្លូវខ្វាត់ខ្វែងច្រើន ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី,អាជ្ញាធរបានឆ្លើយតបភ្លាមៗ

81

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញបានពង្រឹងការកំណត់បញ្ហាអាទិភាពនិង ដោះស្រាយបញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពដែលបម្រើដល់ផលប្រយោជន៍និងតម្រូវការ នានាជូនប្រជាពលរដ្ឋ។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌចំការមន នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ ។ពិធីនោះក៏មានការអញ្ជើញចូលរួមអធិបតីពី ឯកឯត្ដម ឯក ឃុន ដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបន្តថា ការកំណត់ អាទិភាពនៃបញ្ហាប្រឈម និងសំណូមពរនេះ គឺបន្ទាប់ពីទទួលបានការលើកឡើងរបស់ប្រជាពលនៅមូលដ្ឋានតាមរយៈផ្ទាល់មាត់  និងជាលាយលក្ខណ៍អក្សរនៅក្នុងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។ ឯកឧត្តមបញ្ជាក់ទៀតថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ ប្រជាពលរដ្ឋ  ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន សង្កាត់ខណ្ឌឱ្យបានល្អប្រសើរ។ 

ក្នុងឱកាសនោះដែរឯកឧត្ដម ឯក ឃុន ដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការមនមានប្រជាពលរដ្ឋស្នើឱ្យជួយដោះ ស្រាយប្រព័ន្ធលូរំដោះទឹកនៅក្នុងសាលាជំនាន់ថ្មីបឹងត្របែក ជួយដាក់មន្រ្តីនរគបាលសម្រួលចរាចរណ៍ នៅកន្លែងដែលមានផ្លូវខ្វាត់ខ្វែងច្រើន ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន និងការស្នើសុំដាក់លូ បន្ថែមនៅកន្លែងដែលមានទឹកលិចដោយទឹកភ្លៀង។

ជាការឆ្លើយតប ឯកឧត្ដម ឯក ឃុនដឿន បានបញ្ជាក់ថា ចំពោះបញ្ហាដាក់លូថ្មីបានណែនាំ ឱ្យលោកសាំ ពិសិដ្ឋប្រធានមន្ទីរសារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តចុះពិនិត្យជាក់ស្តែងនៅក្នុងសាលាជំនាន់ថ្មីបឹងត្រែងឱ្យបានលឿន ដើម្បីកុំឱ្យប៉ៈពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។ រីឯសំណើសុំដាក់លូថ្មី នៅភូមិ១ សង្កាត់ទន្លេបាសាក់  គឺអាជ្ញាធរខណ្ឌចំកាមនត្រៀមចុះស្ថាបនានៅឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ចំពោះសំណើសុំពន្លឿនការផ្តល់បណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ចំនួន២៧ឡូត៍ នៅភូមិ១០ សង្កាត់ទន្លេសាក់ ឯកឧត្ដមបានណែនាំក្រុមការងារខណ្ឌចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ហើយធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត។ ក្នុងនោះដែរឯកឧត្តមអភិបាលរងក៏បានណែនាំឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន បន្តពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមទី តំាងផ្លូវខ្វាត់ខែងច្រើន ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថាន  ការផ្តល់ សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង