ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគ
ភ្នំពេញ៖នៅថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៥ ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ដំណើរទស្សនកិច្ចនេះ បង្កើតឡើងដោយសន្ទុះ ក្រោមវេទិកាពាណិជ្ជកម្ម និង វិនិយោគរួមរវាង ចក្រភពអង់គ្លេស-ព្រះរាជាណាចក្រកម្ពុជា (JTIF) ដែលជាវេទិកាសំខាន់ សម្រាប់ការសម្របសម្រួលទ្វេភាគី និងការចូលរួម ពីវិស័យឯកជន។
ក្នុងដំណើរទស្សនកិច្ចរបស់ លោក Western នឹងចូលរួមពិធីសម្ពោធ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលបានរចនាបប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មរបស់ចក្រភពអង់គ្លេស Foster + Partners ដែលជានិមិត្តរូបនៃការរួមចំណែករបស់ចក្រភពអង់គ្លេសចំពោះការតភ្ជាប់ និងកំណើនពាណិជ្ជកម្មរយៈពេលវែងរបស់កម្ពុជា។
លោកក៏នឹងមានជំនួបជាមួយរដ្ឋមន្ត្រីកម្ពុជាដើម្បីតាមដានគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាហើយកិច្ចពិភាក្សានឹងរួមបញ្ចូលស្ថាបត្យកម្មពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសការអភិវឌ្ឍជុំវិញភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ (CPTPP) និងរីកចម្រើន និងរបៀប ដែលកម្ពុជានិងចក្រភពអង់គ្លេសអាចពង្រឹងកិច្ចសហប្រតិបត្តិការលើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់។ លោក Western នឹងជួបជាមួយធុរកិច្ចអង់គ្លេសដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញពីការរួម ចំណែករបស់ពួកគេក្នុងការបង្កើតការងារ ការច្នៃប្រឌិត និងកំណើនប្រកបដោយចីរភាព។ លោកក៏នឹងចូលរួម ជាមួយស្ថាប័នអប់រំរបស់ចក្រភពអង់គ្លេសដែលសកម្មក្នុងប្រទេសកម្ពុជាដើម្បីពិភាក្សាអំពីតួនាទីរបស់ពួកគេក្នុងការ អភិវឌ្ឍជំនាញ ការកែលម្អលទ្ធភាពការងារ ការផ្លាស់ប្តូរជីវភាពសង្គម និងគាំទ្រដល់កំណើនប្រកបដោយបរិយាប័ន្ន។
ថ្លែងនៅមុនដំណើរទស្សនកិច្ចនេះ ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រី លោក Matt Western MP បានមានប្រសាសន៍ថា៖ «ជាកិត្តិយសណាស់ដែលបានមកទស្សនកិច្ចប្រទេសកម្ពុជាក្នុងគ្រាដ៏សំខាន់នេះ។ ការចូលរួមក្នុង ពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ មិនត្រឹមតែជាការអបអរសាទរនៃវឌ្ឍនភាពប៉ុណ្ណោះទេ វាគឺជានិមិត្តរូបដ៏មានឥទ្ធិពលនៃភាពជាដៃគូរវាងចក្រភពអង់គ្លេស និងកម្ពុជាអាចសម្រេចបាន។
លោកបន្តថា លោកមានសេចក្តីសោមនស្សរីករាយដែលការរចនា និងជំនាញរបស់អង់គ្លេសបានចូលរួមចំណែកក្នុងគម្រោងមួយដែលនឹងធ្វើឱ្យមានការចាប់អារម្មណ៍ជានិរន្តរ៍ពីអ្នកទេសចរគ្រប់រូបដែលមកកម្ពុជា ហើយដែលបង្ហាញ ពីអារម្មណ៍នៃមោទនភាពជាតិក្នុងចំណោមមិត្តកម្ពុជារបស់យើង។
លោកបន្តទៀតថា «ខ្ញុំទន្ទឹងរង់ចាំក្នុងការកសាងនូវសន្ទុះនេះ និងចូលរួមជាមួយមេដឹកនាំកម្ពុជា និងធុរកិច្ចអង់គ្លេស ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ដើម្បីអបអរសាទរភាពជាដៃគូពាណិជ្ជកម្មដ៏រឹងមាំរបស់យើង និងដើម្បីបើកឱកាសថ្មីៗ ក៏ដូចជាដើម្បីគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»។
ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងរបស់ចក្រភពអង់គ្លេសក្នុងការជួយដល់ការផ្លាស់ប្តូរ របស់កម្ពុជា ពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC)និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់ កំណើនបៃតង និងប្រកបដោយបរិយាប័ន្ន វាក៏ស្របតាមមហិច្ឆតាដ៏ទូលំទូលាយរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។
ចក្រភពអង់គ្លេសនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីលើកកម្ពស់វិបុលភាពទៅវិញទៅមក និងបើកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់ប្រជាជាតិទាំងពីរ៕
