ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនឧត្តមសេនីយ៍ត្រីឈឹមឆែមនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍និងប្រើហិង្សាលើនារីម្នាក់

128

ភ្នំពេញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើហិង្សាលើស្រ្តីម្នាក់ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ 

គួរបញ្ជាក់ថា៖ឧត្តមសេនីយ៍ត្រី ឈឹម ឆែម បេីកបរ​រថយន្ត​ឡង់គ្រីស័រ​ពណ៌​ទឹក​ប្រាក់​ ស្លាក​លេខ​ រាជការ​០៦​ ២-៨៦៨៨​ ប៉ះម៉ូតូ​ជនរងគ្រោះ​ហើយ​ ដកកាំភ្លេីង​ខ្លី​វាយ​ក្បាល​ជនរងគ្រោះ​ជាស្ត្រី​បែកក្បាលកាលពីយប់ថ្ងៃទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កឡើងដោយលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តទៀតថា ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ លោកថា កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក«ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាប»

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី, កងរាជអាវុធហត្ថបានទំនាក់ទំនងជាមួយនារីរងគ្រោះ នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនគាត់ដែលរងរបួសផងដែរ។ កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធី ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធីអង្គភាពអាវុធហត្ថលើផ្ទៃប្រទេស នឹងអនុវត្តច្បាប់ចំពោះបុគ្គលនេះ មិនលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង