ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបរចនាសម្ព័ន្ធគណបក្សប្រជាជនកម្ពុជា ដើម្បីផ្សព្វផ្សាយពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖នៅថ្ងៃ២៣តុលា២០២៥នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកអចិន្ត្រែយ៌នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថាក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ,ឯកឧត្តមបានថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្ដមហ៊ុន ម៉ានី នាយបើថ្ងៃ២៣តុលា២០២៥នេះ។
ឯកឧត្តមបានធ្វើបច្ចុប្បន្នភាពលើស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្អែកលើមូលដ្ឋានការទូត ក៏ដូចជាច្បាប់អន្តរជាតិ ដូចប្រសាសន៍របស់សម្តេចធិបតីលើកឡើងថា «ស្ងប់ស្ងាត់ តែមិននៅស្ងៀម»។
ឯកឧត្តមហ៊ុន ម៉ានី បានលើកទឹកចិត្ត ឱ្យសមាជិក សមាជិកាគ្រប់រូបបន្តជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសូមឱ្យសមាជិកា សមាជិកា បន្តថែរក្សាស្មារតីស្នេហាជាតិ មោទនភាពជាតិ និងគាំទ្ររាល់វិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី និងកម្លាំងជួរមុខកម្ពុជា ដែលពិតជាមានសមត្ថភាព និងមានទំនួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឈានទៅរកប្រក្រតីភាព និងនាំមកនូវសន្តិភាពពេញលេញ៕
