សម្តេចបវរធិបតី ហ៊ុន ម៉ាណែតផ្ញើរសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជឱកាសពិធីខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២១ «២៩ តុលា ២០០៤ – ២៩ តុលា ២០២៥»នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ។សារលិខិតថ្វាយព្រះពរ
សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសពិធីខួបលើកទី២១ នៃការយាងគ្រង់ព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងព្រះរាជឱកាសដ៏មហាមង្គលាភិរម្យវិសេសវិសាលថ្លៃថ្លាបំផុត នៃព្រះរាជពិធីខួបលើកទី២១ នៃការ យាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំនិងភរិយា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការទូទាំងប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបអភិវន្ទលំឱនកាយវាចាចិត្តថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់ គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជំនិងសេចក្តីសុខក្សេមក្សាន្តចម្រុងចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ ព្រះអង្គ ជាអង្វែងតរៀងទៅ។
ឆ្លៀតក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លាបំផុតនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់ សូមក្រាបបង្គំ ថ្វាយនូវកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណដ៏ឈ្លាសវៃ ក្នុងការដឹកនាំ ព្រះរាជកិច្ចនិងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយទសពិធរាជធម៌ ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ និងជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយ ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ ការទូត យោធា អប់រំ ធម្មការ សាសនា សុខាភិបាល បរិស្ថាន យុទ្ធនាការ បោសសម្អាតមីននៅកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ ព្រមទាំងព្រះរាជសកម្មភាពនានា ជាច្រើនទៀត ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រទេសឱ្យរឹតតែមានភាពរីកចម្រើនខ្លាំងក្លាក្នុងសុខសន្តិភាព និងការលើកកម្ពស់ កិត្យានុភាពជាតិលើឆាកអន្តរជាតិ៕
