ប្រជាពលរដ្ឋខណ្ឌដង្កោស្នើសុំអាជ្ញាធរជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិអចលនទ្រព្យនិងស្នើសុំ តបណ្តាញទឹកស្អាតចូលបុរី VIPនិងបុរីសំព័រ
ភ្នំពេញ៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែ តុលាឆ្នាំ២០២៥នេះប្រជាពលរដ្ឋ មិនបានលើកជាសំណើរ សំណូមពរ ពាក់ព័ន្ធ ភូមិ សង្កាត់មានសុវត្ថិភាព ចោរលួច ចោរប្លន់នោះទេ ពោលគឺគ្រាន់តែលើកឡើងពីបញ្ហាសំរាម ការតបណ្តាញទឹកស្អាតនិងអចលនទ្រព្យតែប៉ុណ្ណោះ ហើយការលើកឡើងជាសំណើ សំណូមពរ ដោយផ្ទាល់មាត់និងជាលាយលក្ខណ៍អក្សរក៏បានចំនួនតិចជាងឆ្នាំមុនប្រមាណជាង៥០%ផងដែរ។
នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ ក្រោមវត្តមាន ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងឯកឧត្ដមម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្ដមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ។
ឯកឧត្ដម ហ៊ុន សុរិទ្ធី មានប្រសាសន៍លើកឡើងថា៖ វេទិកាសាធារណៈនៅក្នុងខណ្ឌដង្កោនេះ ប្រជាពលរដ្ឋបានលើកជា សំណើ និងសំណូមពរផ្ទាល់មាត់ចំនួន០៥នាក់ និង សំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរ មានចំនួន១៥ច្បាប់ សរុប២០បញ្ហាដែលមានដូចជា ការស្នើសុំការពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិអចលនទ្រព្យ,ស្នើសូមឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី ពន្យល់ពលរដ្ឋ ឱ្យបានយល់ពីនីតិវិធីនៃការបង់ពន្ធប្រថាប់ត្រាលើបណ្ណកម្មសិទ្ធិអចលនទ្រព្យ,ស្នើសុំ តបណ្តាញទឹកស្អាតចូលបុរី VIPនិងបុរីសំព័រនិងការស្នើសុំឱ្យក្រុមហ៊ុនប្រមូល ដឹកជញ្ជូនសំរាម ដឹកសំរាមចេញឱ្យបានលឿន និងទៀងពេលកុំឱ្យទុកចោលយូពេក។
ឯកឧត្ដម ហ៊ុន សុរិទ្ធី បានបញ្ជាក់ទៀតថា៖ ការលើកឡើងជាសំណើ សំណូមពរ ឆ្នាំនេះមានចំនួនត្រឹមតែ២០ច្បាប់ប៉ុណ្ណោះ មិនច្រើនដូចបណ្ដាឆ្នាំមុនទេហើយរាល់សំណើរ សំណូមពរទាំងនោះទៀតសោធ ក៏មិនមានពាក់ព័ន្ធភូមិ សង្កាត់មានសុវត្ថិភាព ចោរលួច ចោរប្លន់ថែមទៀត។នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងពិតជាបានអនុវត្តការងារ បំរើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្ដម ជួប ខុន ក៏បានលើកឡើងដែរថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន៕
