ឯកឧត្តមឃួង ស្រេង៖ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូមប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានកាេអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។
ការលើកឡើងរបស់ឯកឧត្តមឃួង ស្រេងបែបនេះ បានធ្វើឡើងក្រោយបានអានសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និងសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វា។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាពនិងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ជាក់ស្ដែងយើងបានឃើញហើយថា កាលពីថ្ងៃទី២៦ តុលាកន្លងមកនេះ សម្ដេចបបរធិបតី បានបង្ហាញឲ្យឃើញពីសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការនាំប្រទេសជាតិមកនូវសន្តិភាពពេញលេញ ដែលយើងគ្រប់គ្នាជឿទុកចិត្តបានហើយបានធ្វើឱ្យប្រទេសជាតិរួចផុតពីសង្គ្រាមកាត់បន្ថយបានការស្លាប់និងរបួសកងទ័ពនិងប្រជាពលរដ្ឋទាំងសងខាងថែមទៀតផង។
ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីវិស័យអប់រំក្រោយឆ្នាំ១៩៧៩ ដែល
កម្ពុជាមិនមានអ្វីទាំងអស់។ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនាពេលនោះទើបធ្វើឲ្យវិស័យអប់រំមានការអភិវឌ្ឍ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានសូមឱ្យកូនក្មួយទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីយកចំណេះវិជ្ជាទាំងនេះមកបម្រើជាតិមាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកំរិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើងដ៏មានប្រសិទ្ធភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាអាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញក៏មិនមានអនាម័យ បរិស្ថាននិងការអភិវឌ្ឍរីកចំរើនដូចពេលនេះដែរ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា៖ ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរ សិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ ចាក់ទី១២ ដែលមកពី មកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជនទូទាំងរាជធានីមានចំនួន២៤នាក់ ក្នុងនោះយុវតី១០នាក់ ហើយសិស្សពូកែទាំងនេះ បានទៅប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីម សន្ធម៉ុក រាជធានីភ្នំពេញ ដែលបេក្ខជនមកពីគ្រប់រាជធានី ខេត្តចំនួន២៤០នាក់។ ជា លទ្ធផល រាជធានីភ្នំពេញ ដណ្តើមបានជ័យលាភីចំនួន ៦ នាក់ យុវតី ២ នាក់ ក្នុងនោះមេដាយមាស ១ លើមេដាយមាសទូទាំងប្រទេស៦ នាក់ មេដាយប្រាក់ ៣ លើមេដាយប្រាក់ទូទាំងប្រទេស៦ មេដាយសំរិទ្ធ ១លើមេដាយសំរិទ្ធទូទាំងប្រទេស៦ ទទួលបានវិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៤ ចំនួន ១ នាក់។
លោកប្រធានបន្តថា៖ ចំពោះសម្ភារៈ និងការសំណេះសំណាលពីសំណាក់ឯកឧត្តមឃួង ស្រេង នាពេលនេះជាការលើកទឹកចិត្តដល់គណៈនាយកគ្រប់គ្រឹះស្ថានសិក្សា និងគណៈនាយកសាលគ្រប់កំរិតលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ឱ្យខិតខំបង្រៀន និងរៀនបន្ថែមទៀត។ ជាការតបស្នងចំពោះការយកចិត្តទុកដាក់នេះជំនួសមុខឱ្យមន្ត្រីអប់រំទូទាំង រាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាចិត្តចូលរួមបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕

