ប៉ូលីសខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២ នាំគ្នាជិះកង់ដើរលួច នាឡិកាទឹក តាមផ្ទះប្រជាពលរដ្ឋ
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយពួកគេ នាំគ្នាជិះកង់ ដើរលួចនាឡិកាទឹក តាមផ្ទះប្រជាពលរដ្ឋ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិស្ពាន់ខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានអោយដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ផា ភាដែន អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងឈ្មោះប៉ែន វ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះ រឿន ណារ៉េត អាយុ ២៨ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅផ្ទះលេខ ៣១០៥ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដកហូតសម្ភារៈ រួមមាន ៖ ដង្កាប់ចំនួន ០២, សោម៉ាទ្បេតចំនួន ០២ និងកង់ចំនួន ០១គ្រឿង ម៉ាក់ X-TREME ពណ៏ក្រហម ព្រមទាំងនាទ្បិកាទឹកចំនួន ០៣ ផងដែរ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បញ្ជាក់ថា កាលពីរសៀលនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យទាំងពីរនាក់ បានជិះកង់រកធ្វើសកម្មភាពលួចនាឡិការទឹក តាមផ្ទះ លុះមកដល់ចំណុចកើតហេតុខាងលើ វេលាម៉ោង០២ និង១៥នាទី ដោយឃើញជនរងគ្រោះមិននៅផ្ទះចាក់សោរទ្វារ ពីក្រៅ ឃើញឱកាសស្ងាត់ ជនសង្ស័យក៏បានធ្វើសកម្មភាពលួចនាទ្បិកាទឹក របស់ជនរងគ្រោះបានចំនួន០២ ហើយគេចខ្លួន ដើម្បីរកកន្លែងលក់ ចំពោះនាឡិកាទឹកចំនួន០១ទៀត គឺជនសង្សយ័ ធ្វើសកម្មភាពលួចបាននៅម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ចំណុច ផ្លូវបេតុង ភូមិបឹងសាទ្បាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕
