ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សណ្ឋាគារផ្កាយ៤នឹងលេចរូបរាងឡើងនៅមាត់បឹងតាកែវនៅពេលខាងមុខឆាប់ៗនេះក្រោមទុនវិនិយោគរបស់ជនជាតិចិន,៣ថ្ងៃបុណ្យអុំទូកមានភ្ញៀវទេសចរណ៌ជិត៥ម៉ឺននាក់មកទស្សនា

72

តាកែវនៅក្នុងឱកាសអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ សមាជិកក្រុមប្រឹក្សាខេត្ត ពីកិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ ឲ្យចូលមកបណ្ដាក់ទុន នៅក្នុងខេត្តតាកែវ ដើម្បីបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅពេលខាងមុខនេះ សណ្ឋាគារកម្រិតផ្កាយ៤មួយ នឹងត្រូវអ្នកវិនិយោគទុនចិន ចូលមកបណ្ដាក់ទុនសាងសង់ នៅមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ។

អភិបាលខេត្តតាកែវ បានបន្តថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសចិនថ្មីៗកន្លងទៅនេះ ឯកឧត្ដមបានជួបជាមួយសមាគមអ្នកវិនិយោគចិន និងប្រធានសមាគមទេសចរណ៍ចិន ដោយបានប្រាប់ក្រុមអ្នកវិនិយោគចិន ពីសក្ដានុពលដ៍សប្បូរបែបរបស់ខេត្តតាកែវ ជាពិសេសភាពងាយស្រួល ក្នុងការធ្វើដំណើរដោយខេត្តតាកែវ មានហេថារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ក៏ប៉ុន្តែអ្វីមួយដែលយើងមិនទាន់មាន គឺសណ្ឋាគារកម្រិតស្តង់ដារ និងម្ហូបអាហារបរទេសសម្រាប់ទទួលភ្ញៀវទេសចរបរទេសស្នាក់នៅ។

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា «នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនចិនមួយ ចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ៤ មានកម្ពស់៦ជាន់ នៅមាត់បឹងតាកែវ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តតាកែវ សម្រាប់ស្នាក់នៅ»
 អភិបាលខេត្តតាកែវ បានសម្ដែងក្ដីសង្ឃឹមថា ក្រោយសណ្ឋាគារកម្រិតផ្កាយ៤ លេចរូបរាងនៅក្នុងខេត្តតាកែវ វានិងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្ត ឲ្យកាន់តែល្អប្រសើរថែមមួយកម្រឹតទៀត ជាក់ជាពុំខាន។

គួរបញ្ជាក់ថា៖ខេត្តតាកែវបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះកររហូតដល់ ៤៧,៤៤៦ នាក់ ក្នុងរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង