ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រស្តេចយាងពន្លត់ភ្លើងជ័យខួបលើកទី៧២ឆ្នាំទិវាបុណ្យឯករាជ្យជាតិ០៩វិច្ឆិកានៅវិមានឯករាជ្យ

47

ភ្នំពេញ៖នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងពន្លត់ ភ្លើងជ័យ នៃខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ។

ពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋខ្មែរផងដែរ។

ភ្លើង ជ័យ ដែលជានិមិត្តរូប ភាព ភ្លឺ ចិញ្ចែងចិញ្ចាចនៃសិទ្ធិសេរីរបស់ប្រជាពលរដ្ឋខ្មែរ ក្រោយទទួលបានឯករាជ្យ ត្រូវបានអុជបំភ្លឺរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួប៧២ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បាន រំដោះ ខ្លួន ទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញ លេញ ត្រឡប់ មក វិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហា វីរក្សត្រ ខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃ កំណើត កង យោធពលខេមរភូមិន្ទ។

ឆ្នាំនេះក៏ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការ ដណ្តើម បានមក វិញនូវភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរ ត្រូវបាន ប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ វិមាន និមិត្តរូបនៃការដណ្តើមបានឯករាជ្យ និងនៅតាមបណ្តារាជធានីខេត្ត៕

អត្ថបទដែលជាប់ទាក់ទង