ឯកឧត្ដមហ៊ុនម៉ានីទាមទារឱ្យភាគីថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់ចំពោះការបាញ់ប្រហារពលរដ្ឋខ្មែរស្លូតត្រង់បណ្តាលឱ្យបាត់បង់ជីវិតនិងរងរបួស
ភ្នំពេញ៖ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីមុខងារសាធារណៈ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស និងទាមទារឱ្យអាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុនេះ។
ឯកឧត្ដមបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបានឮពីការប៉ះទង្គិចនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស។ តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? ចំពោះសំណួរនេះ អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុនេះ»។
ឯកឧត្ដមបន្ថែមថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ លោកមិនអាចយល់បានឡើយថា ទោះស្ថិតក្នុងហេតុផលណាក៏ដោយ ដែលទាហានថៃអាចប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។
ឯកឧត្ដមបញ្ជាក់ទៀតថា ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងរាជរដ្ឋាភិបាល វីរកងទ័ព និងក្រុមគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះនៅក្នុងការប៉ះទង្គិចនេះ៕
