ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការពារជាតិរៀបរាប់លម្អិតថាកម្លាំងយោធាថៃបាញ់ប្រហារទាំងកម្រោលមកលើជនស៉ីវិលកម្ពុជាដែលកំពុងដើរលើខ្នងប្រឡាយនៅភូមិព្រៃចាន់ហើយបាញ់ចំនួន២លើកបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួស៣នាក់

50

ភ្នំពេញលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបរាប់ឡើងវិញលម្អិត អំពីហេតុការណ៍ដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារទាំងកម្រោលមកលើប្រជាពលរដ្ឋស៉ីវិលស្លូតត្រង់របស់កម្ពុជា និងកងកម្លាំងមិនប្រដាប់ដោយអាវុធរបស់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា នៅវេលាម៉ោង១៥៖៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅភូមិព្រៃចាន់ មានប្រជាពលរដ្ឋកម្ពុជាចំនួន៣នាក់ បានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលគាត់តែងតែធ្វើដំណើរជាធម្មតា។ វត្តមានរបស់កងកម្លាំងដែលមិនប្រដាប់ដោយអាវុធ ក៏កំពុងអង្គុយនៅទីតាំងនោះផងដែរ ប្រមាណជា១០ម៉ែត្រពីប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋដូចសព្វមួយដង។

បន្ដិចក្រោយមកពួកគាត់ក៏បានស្នូរផ្ទុះអាវុធពីខាងភាគីថៃ ដែលបានបាញ់សម្ដៅមកលើប្រជាពលរដ្ឋកម្ពុជា ចំនួន៣នាក់ ដែលកំពុងធ្វើដំណើរលើខ្នងប្រឡាយ ក៏បណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ចំនួន២រូប បានរងរបួស បន្ទាប់មកកម្លាំងរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធ ក៏បានចូលធ្វើអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។ ពេលនោះផងដែរ ក៏ត្រូវកងកម្លាំងយោធាថៃ ធ្វើការបាញ់ប្រហារសម្ដៅមកលើពួកគាត់។

លើសពីនេះទៅទៀត យោធាថៃបានបន្ដបាញ់ប្រហារលើគោលដៅផ្សេងទៀត ដោយសម្ដៅលើប្រជាពលរដ្ឋស៉ីវិលស្លូតត្រង់របស់កម្ពុជា ដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយ បណ្ដាលឲ្យប្រជាពលរដ្ឋយើងម្នាក់ទៀត រងរបួសបន្ថែម និងម្នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ នៅវេលាម៉ោង១៦៖២០នាទី ការបើកការបាញ់ប្រហាររបស់យោធាថៃបានស្ងប់ស្ងាត់ទៅវិញ។

បន្ទាប់មកនៅវេលាម៉ោង១៧៖៥៤នាទី ការបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃជាលើកទី២ ដោយប្រើប្រាស់កាំភ្លើងប្រភេទរ៉ាស់ហ្វាល់ ចំនួន៥គ្រាប់ មកលើកងកម្លាំងរបស់កម្ពុជាបន្ថែមទៀត ប៉ុន្ដែកងកម្លាំងរបស់កម្ពុជាមិនបានតបតដោយ គឺបានប្រកាន់ខ្ជាប់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជា និងថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្ដិវិធី ត្រឹមត្រូវ ស្របតាមច្បាប់អន្ដរជាតិ និងដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងនៅទីនោះ។

ជាសរុបករណីការបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា រងរបួសសរុបចំនួន៣នាក់ និងបាត់បង់ជីវិតចំនួន១នាក់៕

អត្ថបទដែលជាប់ទាក់ទង