ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាអំពាវនាវឱ្យមានការស៊ើបអង្កេតលើករណីយោធាថៃបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់របួស៣នាក់នៅភូមិព្រៃចាន់ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន

84

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យមានការស៊ើបអង្កេតចំពោះករណីដែលទាហានថៃ បាញ់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទេ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន។

នេះជាការបញ្ជាក់របស់ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងពេលធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំនេះ លោកជំទាវអ៊ាត សោភា បានបញ្ជាក់ថា ការប្រើប្រាស់កម្លាំងខុសច្បាប់របស់ភាគីថៃ ប្រឆាំងនឹងជនស៊ីវិល រំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន បានជះឥទ្ធិពល អវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ច ប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ ២០២៥។ 

លោកស្រីបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់។

ទាក់ទិននឹងឧប្បត្តិហេតុផ្ទះមីនដែលបានធ្វើឱ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវអ៊ាត សោភា បានគូសបញ្ជាក់ថា «ខណៈដែលឧប្បត្តិហេតុនេះគួរមមានការស៊ើបអង្កេតឯករាជ្យនោះ ពុំគួរអនុញ្ញាតឱ្យរឿងនេះធ្វើឱ្យខូចដល់ដំណើរការស្តារសន្តិភាពនោះទេ»។ 

លោកជំទាវក៏បានសម្តែងការសោកស្តាយ ដែលមានទាហានថៃរងរបួស និងបានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជាតំបន់គេស្គាល់យ៉ាងច្បាស់ថា ពោរពេញទៅដោយមីន ដែលបន្សល់ពីសង្គ្រាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០៕

អត្ថបទដែលជាប់ទាក់ទង