នាំខ្លួនបុគ្គល២នាក់ជាអង្គរក្សឯកជនជិះម៉ូតូតាមបិទគូថឡានលោកឧកញ៉ាធាងទ្រីប្រើប្រាស់កាយវិការពាក្យសម្ដីមិនសមរម្យនិងឃាត់ឡានពលរដ្ឋតាមដងផ្លូវ
ភ្នំពេញ៖បុគ្គល២នាក់ជាអង្គរក្សឯកជនដែលជិះម៉ូតូតាមការពារឡានលោកឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងឃាត់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសួរនាំនៅស្នងការនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៥វិច្ឆិកា។
ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់រថយន្តលោកឧកញ៉ាធាង ទ្រី ។
ពួកគេទាំង២នាក់ បានឃាត់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន។
លោកឧកញ៉ា ធាង ទ្រី អាយុ ៥៣ឆ្នាំ ជាថៅកែកាហ្វេ មិនមែនជាឧត្ដមមន្ត្រីទេ ដូច្នេះសូមបងប្អូនកុំយល់ច្រលំថា រថយន្តនោះជារថយន្ត អ្នកមានអំណាច ។ អ្នកមានអំណាចបច្ចុប្បន្នគេមិនធ្វើទង្វើអាក្រក់តាមដងផ្លូវបែបនេះទេ ។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់វិធានការណ៍បានលឿនរហ័ស ។អង្គរក្សឯកជនទាំង២នាក់ត្រូវបាននគរបាលខណ្ឌច្បារអំពៅ នាខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ពេលនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ។ អង្គរក្សទាំង២រូបមាន ឈ្មោះ យឿង វិចិត្រ អាយុ២៩ ឆ្នាំទី២ឈ្មោះ ឡូត សាន់ថុន អាយុ ៣២ ឆ្នាំ។
ពលរដ្ឋបានកោតសរសើរនិងអរគុណ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចាត់វិធានការណ៍បានលឿនរហ័ស ៕
