ឯកឧត្ដមឃួង ស្រេង ផ្ញើរសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងទិវាដ៏មហាមង្គលសួស្តី នៃឱកាសខួបចម្រើនជន្មាយុ
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញសូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និង ក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទ សាធុការពរជ័យ គោរពជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងទិវាដ៏ មហាមង្គលសួស្តី នៃឱកាសខួបចម្រើនជន្មាយុរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបន្តដឹកនាំក្រសួងមុខងារសាធារណៈ និងការធ្វើកំណែទម្រង់វិស័យសាធារណៈនៅកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃការងារជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តចូលរួមដឹកនាំ ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍ ។
សូម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាទទួលនូវភក្ដីភាពដ៏ ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕
