ប្រជាពលរដ្ឋខណ្ឌសែនសុខភាគច្រើនលើកសំណើរផ្ដោតលើកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ខណៈបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ស្ទើតែគ្មានលើកឡើងឡើយ
ភ្នំពេញ៖ឯកឧត្ដមពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើនិងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខ សុវត្ថិភាពផ្សេងៗ ស្ទើតែគ្មាន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ ។
វេទិកាខាងលើនេះ បានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានវត្តមាន ឯកឧត្តម ស្រេង ជ្រិន អគ្គាធិការ នៃក្រសួងសុខាភិបាល តំណាង ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០នាក់ ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ពេញ ធារម្យ បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរ ចង់បានបំផុតការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលផលដោយផ្ទាល់ បើទោះសំណើ និងសំណូមពរខ្លះ មិនអាចសម្រេចបានភ្លាមៗ តែយ៉ាងណាក៏ត្រូវតែដោះស្រាយជូន ។
បន្ថែមលើនេះឯកឧត្ដមអភិបាលរង បានបញ្ជកា់ថា អ្វីដែលលើកឡើង ក្រុមការងារនឹងមិនបិទភ្លែកឡើយ ក្នុងនោះឯកឧត្ដមកត់សម្គាល់ថា ភាគច្រើនសំណើ និងសំណូមពរមុននេះ ភាគច្រើន ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងជំនាញសាធារណការ ដោយឡែកខាងសន្តិសុខ ឯកឧត្ដមអភិបាលរង ក៏បានអរគុណដល់អធិការនគរបាលខណ្ឌ ក៏ដូចជាអាវុធហត្ថខណ្ឌ ពិតជាបម្រើពលរដ្ឋបានល្អ រហូតមិនមានបងប្អូនប្រជាពលរដ្ឋ លើកឡើងអ្វីបន្តិចឡើយពាន់នឹង បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នេះតែម្តង ។
ឆ្លើយតបនឹងសំណើ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំអំពូលភ្លើងបំភ្លឺផ្លូវសូឡា ក្នុងនាមអភិបាលខណ្ឌសែនសុខ ដែលទើបឡើងកាន់នាពេលថ្មីៗនេះ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែន សុខបានធានាថា មិនឱ្យលើសពី១សប្តាហ៍ លោកនឹងចាត់ឱ្យគេតម្លើងជូន តាមសំណូមពរ ខណៈដែលសំណើនិងសំណូមពរផ្សេងៗដែលនៅសេសសល់ លោកនឹងចុះពិនិត្យផ្ទាល់ តាមទីតាំងជាក់ស្តែង និងខិតខំដោះស្រាយឱ្យអស់លទ្ធភាព តាមដែលអាចធ្វើបានជូនប្រជាពលរដ្ឋ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ មានប្រជាពលរដ្ឋ ៨នាក់ បានលើកសំណើ និងសំណូមពរផ្ទាល់មាត់ ដោយភាគច្រើន សុំអំពូលភ្លើង ការលើកកម្ពស់ផ្លូវ ការពង្រីកផ្លូវ និងការជួសជុលស្ថាបនាផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕
