ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ

84

ភ្នំពេញអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយលើកឡើងពីការបញ្ជាក់ជាថ្មីរបស់កម្ពុជា លើការប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនមួយ។

សេចក្តីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា៖ 

១. ឆ្លើយតបទៅនឹងការសាកសួរ របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះ រវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។

២. កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់៕

អត្ថបទដែលជាប់ទាក់ទង