សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥
ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥។
របៀបវារៈដែលនឹងត្រូវជជែកពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង គ្រប់ជ្រុង ជ្រោយ ស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិ ហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវ អាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋា ភិបាល ចិន។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់ កិច្ចសន្យា ទី១១ និងទី១២ នៃសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌ អាស៊ានស្ដីពីសេវាកម្ម។
៤៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។
៥៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺ អេដស៍ឆ្នាំ២០២៤។
ក្រៅពីរបៀបវារៈខាងលើនេះទៅ កិច្ចប្រជុំក៏នឹងជជែកពិភាក្សាលើបញ្ហាផ្សេងៗពាក់ព័ន្ធ នឹង កិច្ចការដឹកនាំរដ្ឋផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី គឺជាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំរាជ រដ្ឋាភិបាលក្រោមអធិបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចទៅលើសេចក្តី ព្រាងច្បាប់ ព្រាងគោលនយោបាយនានា និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះតែងធ្វើឡើងនៅថ្ងៃសុក្រ ដោយមានការចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី។ កិច្ចប្រជុំក៏នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ ផង ដែរ ដើម្បីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវផែនការនានាទៅកាន់មន្ត្រីពាក់ព័ន្ធទាំង ថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ៕
