លោកសំ លាងទ្រី៖ផ្លូវជាតិទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ រួមទាំងផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ពិសេសគឺផ្លូវតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ គឺត្រូវបានថែរក្សាបានយ៉ាងល្អប្រសើរ
ព្រះវិហារ៖នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សំ លាងទ្រី ប្រធានមន្ទីរ និងដឹកជញ្ជូនខេត្តព្រះវិហារដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់លោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការជំនាញគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។
ក្នុងឱកាសបើកកិច្ចប្រជុំនោះ លោក សំ លាងទ្រី បានមានប្រសាសន៍សម្តែងនូវក្តីមោទនភាពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ រហូតសម្រេចបាននូវស្នាដៃគួរជាទីកត់សម្គាល់ ៖
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ផ្លូវជាតិទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ រួមមានទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ពិសេសគឺផ្លូវតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ គឺត្រូវបានថែរក្សាបានយ៉ាងល្អប្រសើរ។
បច្ចុប្បន្ន ស្ថានភាពផ្លូវទាំងនោះមិនមានរណ្តៅ គ្រលុក ឬសំបុកមាន់គួរឱ្យកត់សម្គាល់នោះទេ ដែលជាកត្តាដ៏សំខាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងរលូន និងមានសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ លោកប្រធានមន្ទីរបានថ្លែងអំណរគុណដល់មន្ត្រីគ្រប់រូបដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់ការ ទៅតាមជំនាញរៀងៗខ្លួន រួមចំណែកក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លើសពីនេះទៅទៀតលោក សំ លាងទ្រី ក៏បានផ្តល់ការណែនាំបន្ថែមដោយសង្កត់ធ្ងន់ទៅលើការពង្រឹងការងាររដ្ឋបាលផ្ទៃក្នុង ៖
មន្ត្រីជំនាញនៅតាមការិយាល័យទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ទៅលើការរៀបចំ និងគ្រប់គ្រងឯកសារ (បញ្ជីស្នាម)។
ត្រូវចៀសវាងដាច់ខាតនូវការកើតឡើងនូវកំហុសឆ្គងដដែលៗក្នុងការងាររដ្ឋបាល ដើម្បីធានាបាននូវប្រសិទ្ធភាព ភាពត្រឹមត្រូវ និងគណនេយ្យភាពរបស់មន្ទីរ៕
