ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញណែនាំអាជ្ញាធរខណ្ឌនិងសមត្ថកិច្ចថា៖ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋានដាច់ខាត់យើងត្រូវសម្អាតមេSCAMERឱ្យអស់

72

ភ្នំពេញ៖​ បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវបោសសម្អាតមេ SCAME​ ឱ្យ​អស់ពីក្នុងមូលដ្ឋាន។ 

  នេះជាការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១កុម្ភៈ២០២៦នេះនៅសាលារាជធានីភ្នំពេញ។

  ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេSCAMERឱ្យអស់។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែ ម៉ឺងម៉ាត់​ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅ​រាជធានីភ្នំពេញ​ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។

ឯកឧត្ដមអភិបាលរាជធានីបាន​បញ្ជាក់ច្បាស់ថា៖ ពេលនេះជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ ស។ ប៉ុន្តែមិនមែន មានន័យថា យើងបោះចោលការងារផ្សេង​ មកធ្វើ​តែ​រឿង​នេះ​មួយ​នោះទេ​ ដូចនេះ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ និង​កិច្ចការ​ផ្តល់​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ក៏ត្រូវ​ពង្រឹង​ដែរ​ មិនត្រូវ​ធ្វេសប្រហែស​ដាច់ខាត​។ ក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ។

  ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យ ឱ្យដូចភ្លៀងរលឹម ជាមួយនិងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាត​ នៅក្រោយថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង