គិតត្រឹមព្រឹកថ្ងៃទី១១ខែកុម្ភៈពលរដ្ឋភៀសសឹកជាង៥៦ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង៨ម៉ឺននាក់
ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន៨២,៣០៦នាក់ទៀត (ស្ត្រី៤៣,២៨៣នាក់ និងកុមារ២៧,៦៦៧នាក់)។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។ ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។
