កម្ពុជាបន្តតវ៉ាជំទាស់សកម្មភាពខុសច្បាប់របស់កម្លាំងប្រដាប់អាវុធថៃនៅតំបន់បឹងត្រកួននិងភូមិជោគជ័យ
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បន្តតវ៉ាជំទាស់ទៅនឹង សកម្ម ភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពខុសច្បាប់ លើ ដីកម្ពុជានៅតំបន់បឹងត្រកួត និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការ បរទេសកម្ពុជា បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន មាន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតរបស់កម្ពុជា ត្រូវបានយោធាថៃ វាយ កម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង៣៦ ក្នុងស្រុកថ្មពួក។ ដោយឡែកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិត នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃ បានជីកប្រឡាយ និងសាងសង់ ផ្លូវ មួយខ្សែ ព្រមទាំងចាក់ដីលុបស្រះទឹក។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ ជាការកែប្រែភូមិសាស្ត្រ ហើយជា ការ ប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ ចំពោះការកាន់ កាប់ ដោយ ខុស ច្បាប់ លើ ទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហ ប្រជា ជាតិ ធម្មនុញ្ញ អាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ កម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរ បន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា -ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋា ភិបាល កម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ ការដោះស្រាយជម្លោះព្រំដែន ទាំង អស់ ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិត ខាង ទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕
