អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ ក្នុងទំហំវិនិយោគប្រមាណ ២០០លានដុល្លារ នៅក្នុងខេត្ដមណ្ឌលគិរី
មណ្ឌលគិរី៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តវិនិយោគ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ ក្នុងទំហំវិនិយោគប្រមាណ ២០០លានដុល្លារ នៅក្នុងខេត្ដមណ្ឌលគិរី។ នេះបើតាមបញ្ជាក់ឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មាន, ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ ទីតាំងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទំហំទុនវិនិយោគប្រមាណ២០០លានដុល្លារអាម៉េរិក និងបង្កើតការងារ៤២កន្លែង។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនដែលវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់នេះ មានមូលដ្ឋានប្រទេសម៉ាឡេស៊ី តែក្រុមហ៊ុននេះបានមកវិនិយោគនៅកម្ពុជាលើផ្នែកផ្សេងជិត ៣០ឆ្នាំមកហើយ។
បើតាមលោក ជា វុទ្ធី នេះជាគម្រោងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ទី៣ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
