អនុរដ្ឋមន្ត្រីការពារប្រទេសឡាវ ៖នៅតាមព្រំដែនកម្ពុជា-ឡាវជាព្រំដែនសន្តិភាព ព្រំដែនសហប្រតិ បត្តិការជាមួយគ្នា មានសុខសន្តិភាព សុវត្ថិភាពល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរនិងអាជ្ញាធររបស់ប្រទេសទាំងពីរ
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងគណៈប្រតិភូ ដែលអញ្ជើញមកបំបេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា នៅក្នុងឱកាសនេះ និងជាចលករដល់សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើនបន្ថែម ហើយនិយាយដោយឡែកគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរឱ្យកាន់តែស៉ីជម្រៅ។
សម្តេចតេជោ ហ៊ុន សែន បានរំលេចដោយបានលើកឡើងអំពីពេលថ្មីៗនេះ គឺថ្នាក់ដឹកនាំកំពូលរបស់ឡាវ រួមមានលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាចំណុចដល់សំខាន់នៃការឆ្លុះបញ្ចាំនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត បានសម្តែងនូវការអរគុណជាអនេក ដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក និងគណៈប្រតិបានចូលជួប និងសម្តែងការគួរសម។ លោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងទំនាក់ទំនងរវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់ទៅលើទំនាក់ទំនងលើវិស័យការពារជាតិ និងកងទ័ព នៃប្រទេសទាំងពីរ។
អនុរដ្ឋមន្ត្រីការពារប្រទេសឡាវ បានប្តេជ្ញានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន និងខិតខំប្រឹងប្រែងនៃការពួនជ្រំទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព ព្រំដែនសហប្រតិ បត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព សុវត្ថិភាព ជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព និងអាជ្ញាធររបស់ប្រទេសទាំងពីរផងដែរ។
ក្នុងឱកាសនោះដែរ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវ ក៏បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងជំនួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសលោកបានបំពេញទស្សនកិច្ច។ ដែលជាកត្តាសំខាន់ដាក់ចេញនូវការពង្រីកទំនាក់ទំនងទ្វេភាគីនៅក្នុងក្របខណ្ឌកងទ័ពកម្ពុជា និងកងទ័ពប្រជាជនឡាវ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយក្រៃលេងចំពោះរបាយការណ៍ ក៏ដូចជាលទ្ធផលដែលអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ឡាវ បានបំបេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពកម្ពុជា ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជា និងឡាវ ពង្រីការចែករំលែកបទពិសោធន៍គ្នា និងការបណ្តុះបណ្តាលនូវធនធានមនុស្សរវាងគ្នាទៅវិញ ទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុនតាមរយៈការផ្តល់អាហារូបករណ៍ នៅក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកនៅក្នុងការរុញច្រាននៃបណ្តុះបណ្តាលមូលធនម នុស្សនៅក្នុងវិស័យការពារជាតិ ឱ្យកាន់តែរីក ចម្រើនសម្រាប់ប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសប្បាយរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ។ សម្តេចតេជោ សង្ឃឹម និងជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព សន្តិសុខ នៅតាមព្រំដែនឱ្យកាន់តែល្អប្រសើរបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់យោបល់ឱ្យបន្តធ្វើកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននោះ មិនត្រឹមតែនៅក្នុងក្របខណ្ឌនៃការពង្រីកនូវទំនាក់ទំនងឱ្យល្អខាងប្រពៃណីនោះទេ តែគឺការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឱ្យលើសពីនេះសម្តេចតេជោ ហ៊ុន សែន ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះទឹកជំនន់ នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ឬក៏គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានគ្រប់ទម្រង់ និងស៉ីជម្រៅបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកបទពិសោធន៍ល្អជាច្រើនជូនដល់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ តាំងពីសម្តេចនៅជាកងទ័ព កាន់តួនាទីជានាយករដ្ឋមន្ត្រី រហូតចាកចេញពីនាយករដ្ឋមន្ត្រី។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ក៏បានគោរពថ្លែងអំណរគុណជាអនេក ដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចែករំលែកទពិសោធន៍ល្អៗជាច្រើនសម្រាប់លោកផ្ទាល់ ព្រមទាំងគណៈប្រតិភូកងទ័ពឡាវ ដោយចាត់ទុកបទពិសោធន៍របស់សម្តេចតេជោ ហ៊ុន សែន ជាមេរៀនដ៏សំខាន់សម្រាប់លោកផ្ទាល់ និងប្រតិភូ ដើម្បីបន្តសិក្សា និងឈ្វេងយល់បន្ថែមទៀត៕
