ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី គីម យ៉ូជុងជាប្អូនស្រីលោកគីមជុងអ៊ុនត្រូវបានដំឡើងតំណែងនៅឯមហាសន្និបាតបក្សពលករ

81

សេអ៊ូល៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ថាប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង ត្រូវបានដំឡើងតំណែង នៅក្នុងរចនាសម្ព័ន្ធនៃគណបក្សពលករដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង អំឡុងមហាសន្និបាតបក្សដ៏កម្រមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

តាម KCNA គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករ កាលពីថ្ងៃចន្ទម្សិលមិញ បានដំឡើងតំណែងអ្នកនាង គីម យ៉ូជុង ពីនាយករងនាយកដ្ឋាន ទៅជានាយកនាយកដ្ឋាន។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថាអ្នកនាង គីម យ៉ូជុង កើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ អ្នកនាងគឺជាកូនបង្កើតម្នាក់ ក្នុងចំណោម ៣នាក់របស់អតីតមេដឹកនាំលោក គីម ជុងអ៊ីល និងលោកស្រី Ko Yong Hui។ 

អ្នកនាង គីម យ៉ូជុង ទទួលបានការបណ្ដុះបណ្ដាលនៅក្នុងប្រទេសស្វ៉ីស ជាមួយបងប្រុសបង្កើតរបស់អ្នកនាង គឺលោក គីម ជុងអ៊ុន។ អ្នកនាងបានឡើងតំណែងយ៉ាងឆាប់រហ័ស ក្រោយលោក គីម ឡើងកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១១មក។ 

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ត្រូវបានរំពឹងថានឹងបញ្ចេញផែនការបន្ទាប់ជុំវិញការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អំឡុងមហាសន្និបាតបក្សដែលប្រព្រឹត្តទៅមានរយៈពេល ច្រើនថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង